ភ្នំពេញ៖ ថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានលើកឡើងថា៖ មិនមែនដោយចៃដន្យទេដែលសត្វស្លាបមានជម្ងឺទៅទំលើសំបុកស្រមោចនោះ ! នៅពេលវាមានជម្ងឺ សត្វស្លាបខ្លះមិនបានហោះទៅរកទីសុវត្ថិភាពទេតែវាហោះទៅរកស្រមោច ។
លោក ខៀវ កាញារីទ្ធ បានថ្លែងបន្តថា គេបានសង្កេតឃើញថា សត្វក្អែកនៅពេលណាវាដឹងខ្លួនថាវាឈឺ ឬ មានប៉ារ៉ាសុីតទន្ទ្រានរាងកាយវានោះ វាបានបញ្ចេញសភាវគតិថែរក្សាខ្លួនដ៏អស្ចារ្យមួយ៖ វាហោះទៅទំជិតសំបុកស្រមោច ត្រដាងស្លាប ហើយនៅស្ងៀម ដើម្បីអោយស្រមោចមករោមវា ។
លោក ខៀវ កាញារីទ្ធ បានបន្តថា កាយវិការនេះមិនមែនជាចៃដន្យទេ ។ ស្រមោចបញ្ចេញអាសុីដ Formic ដែលជាសារធាតុគីមីធម្មជាតិដែលមានលក្ខណៈប្រឆាំងនឹងមេរោគនិងប៉ារ៉ាសុីត ( Antimicrobial and antiparasitic properties ) បាន ។ ដោយបណ្តោយអោយស្រមោចរត់ពេញតាមរោមវានោះ ក្អែកទទួលបាននូវការមុជសារធាតុគីមីធម្មជាតិ ដែលអាចជួយវាអោយកម្ចាត់បាក់តេរី ផ្សិត ចៃ និងកន្ទួលស្បែកដោយមិនចាំបាច់មានជំនួយពីមនុស្សបាន ។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ហើយមិនមែនមានតែសត្វក្អែកទេ មានសត្វស្លាបមួយចំនួនទៀតបានមក«មុជស្រមោច»បែបនេះដែរ ហើយនេះជាតឹកតាងដែលបង្ហាញថា ធម្មជាតិខ្លួនឯងក៏មានឱសថព្យាបាលដែរ អោយតែយើងចេះសង្កេត៕