ភ្នំពេញ ៖ អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ សីហានេះ បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែនមិនអាចកែប្រែតាមរយៈការប្រើកម្លាំងជាដាច់ខាត តែបញ្ហានេះត្រូវតែដោះស្រាយតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ។ អ្នកស្រី ម៉ាលី សុជាតា បានបន្តគូសបញ្ជាក់ ៖ នូវការប្តេជ្ញាចិត្តឥតងាករេ ម៉ឺងម៉ាត់ និងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពយ៉ាងខ្ជាប់ខ្ជួន នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០០៥។
អ្នកនាំពាក្យការពារជាតិកម្ពុជា បន្ថែមថា៖ «ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការក្នុងស្មារតីប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ សហការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាតិ និងធម្មនុញ្ញអាស៊ាន។»។ ក្នុងនោះអ្នកនាំពាក្យក្រសួងការពារជាតិក៏បានលើកឡើងថា ៖ ក្រុមការងារទទួលបន្ទុកគណៈកម្មាធិការព្រំដែនតំបន់ RBC កំពុងរៀបចំសម្រាប់កិច្ចប្រជុំជាមួយភាគីថៃ ដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ ស្របតាមស្មារតី និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ។កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំ RBCនេះ នឹងចូលរួមជាវិជ្ជមានបន្ថែមទៀត ដល់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការនាំមកនូវសន្តិភាព សន្តិសុខប្រក្រតីភាព នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
រម្លឹកដដែល ! គឺកម្ពុជា បន្តអំពាវនាវឱ្យភាគីថៃ បញ្ជូនយោធិនទាំង១៨រូប មកឱ្យកម្ពុជាបានឆាប់ ដើម្បីឱ្យបានជួបជុំគ្រួសារវិញ៕
ដោយ ៖ សិលា