ភ្នំពេញ៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ រកឃើញថា នីតិវិធីរបស់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ACU ចំពោះមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក៤រូប គឺ ត្រឹមត្រូវ ។
លោក ងួន អ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចកាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ច្រានចោលបណ្តឹងមន្ត្រីអាដហុក៤រូប ដែលប្តឹងសុំមោឃភាពនីតិវិធី របស់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ACU ។
ការសម្រេចនេះ ត្រូវបានចៅក្រមសាលាឧទ្ធរណ៍ យល់ឃើញថា នីតិវិធីរបស់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ចំពោះការសាកសួរមន្ត្រីអាដហុក ទាំងថ្ងៃសៅរិ៍ក្ដី ទាំងថ្ងៃអាទិត្យក្តី ឬ ការសាកសួរយប់បន្តិចក្តី គឺជាការត្រឹមត្រូវមិនខុសនីតិវិធីឡើយ ។
ពាក់ព័ន្ធករណីនេះ ពុំអាចសុំការបញ្ជាក់ពីក្រុមមេធាវីការពារក្ដីក្រុមជនត្រូវចោទទាំង៤រូបបានទេ ដោយសារក្រោយការប្រកាសសាលដីកា ពុំឃើញវត្តមានរបស់ក្រុមមេធាវីឡើយ ។
មន្ត្រីអាដហុកទាំង៤រូប គឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុន្នី ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ក្នុងសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយនាង ខុម ចាន់តារាទី ហៅស្រីមុំ ៕
ដោយ៖ ចេស្តា