អភិបាលខេត្តតាកែវ ៖ ប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីតម្លៃនៃសន្តិភាព ក្រោយសង្រ្គាម ៥ថ្ងៃ ជាមួយសៀម

ចែករំលែក៖

ខេត្តតាកែវ៖ នៅក្នុងឱកាសអញ្ជើញប្រគល់ប័ណ្ណសម្គាល់អចលនៈវត្ថុជូនបងប្អូនប្រជាពលរដ្ឋប្រមាណជិត២ពាន់ប័ណ្ណ នៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ នៅព្រឹកថ្ងៃ អង្គារ ទី ១២ ខែសីហា ឆ្នាំ ២០២៥នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានលើកឡើងថា នៅពេលដែលយើងលើកពាក្យសន្តិភាពឬអគុណសន្តិភាពមកនិយាយ មានមនុស្សមួយចំនួនជាពិសេសយុវជនខ្លះបានចាត់ទុកថាពាក្យនេះជាពាក្យរបស់គណបក្សប្រជាជនកម្ពុជាឬជាពាក្យរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែនៅពេលដែលមានសង្រ្គាម៥ថ្ងៃ ជាមួយសៀមទើបធ្វើពួកគេយល់ពីតម្លៃនៃពាក្យសន្តិភាពពិតប្រាកដ។

ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ ដែលបានចូលរួមទទួលប័ណ្ណសម្គាល់អចលនៈវត្ថុ លោកអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋមានវ័យចំណាស់ៗដែលបានហែលឆ្លងកាត់ភ្លើងសង្រ្គាមកន្លងមកមានការយល់ដឹងច្បាស់ពីពាក្យសន្តិភាព ក៏ប៉ុន្តែសម្រាប់យុវជនដែលកើតសម័យសន្តិភាព ពួកគេគ្រាន់តែបានលឺតែពាក្យសង្រ្គាមតែប៉ុណ្ណោះ ហើយមិនបានយល់ដឹងច្បាស់ពីពាក្យសន្តិភាពនោះទេ ក៏ប៉ុន្តែពេលនេះនៅពេលដែលប្រទេសជាតិបានធ្វើសង្រ្គាម៥ថ្ងៃ ជាមួយសៀមទើបពួកគេយល់ដឹងពីតម្លៃនៃសន្តិភាព។
លោក វ៉ី សំណាង បានមានប្រសាសន៍បន្តថា កម្ពុជាបានហែលឆ្លងកាត់សង្រ្គាមជាមួយបរទេស និងជាមួួយខ្មែរគ្នាឯងអស់រយៈពេលជាង៥០០ឆ្នាំ មកហើយ។ កម្ពុជាឆ្អែតឆ្អន់នឹងសង្រ្គាម កម្ពុជាស្រលាញ់សុខសន្តិភាព កម្ពុជាទើបមានសុខសន្តិភាពរយៈពេល២៧ឆ្នាំប៉ុណ្ណោះហើយសង្រ្គាម៥ថ្ងៃជាមួយសៀម វាបានធ្វើឱ្យប្រជាពលរដ្ឋជាពិសេសយុវជនខ្មែរកាន់តែយល់ដឹងពីតម្លៃពិតនៃសុខសន្តិភាព ហើយបរទេសមិនអាចមកឈ្លានពានទឹកដីខ្មែរនោះទេព្រោះខ្មែរមានមេដឹកនាំខ្លាំងក្លា មានកងទ័ពអង់អាចក្លាហាន និងប្រជាពលរដ្ឋទូទាំងប្រទេសមានការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ៕

...

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print