រដ្ឋបាលរាជធានីភ្នំពេញ ហាមជក់បារី ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ហាមជក់បារី ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ ។

នេះបើយោងតាម សេចក្ដីជូនដំណឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ ។ 

    ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលកើតឡើងពីផ្សែងបារី ឬផលិតផលថ្នាំជក់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដូចតទៅ៖ ១.ហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈ រួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន ឬហាងទំនិញនានា ដែលនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ តាមពេលវេលា និងម៉ោងដែលកំណត់សម្រាប់ដំណើរការផ្លូវថ្មើរជើង។

     ២.ត្រូវបិទសញ្ញាហាមជក់បារី នៅកន្លែងដែលហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី ឱ្យមើលឃើញ ច្បាស់ និងមានចំនួនគ្រប់គ្រាន់ស្របតាមទីតាំងជាក់ស្តែង។

៣. ហាមផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងបង្ហាញលក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ គ្រប់ទម្រង់។

៤.ហាមប្រើប្រាស់ ចែកចាយ ជួញដូរ ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់គ្រប់ប្រភេទ គ្រប់ទីកន្លែងនៃ បរិវេណផ្លូវថ្មើរជើងចតុមុខ មានជាអាទិ៍ បារីអេឡិចត្រូនិច (E-Cigarettes) ឬវេប(VAPE) ផលិតផលអេចធីភី (HTP) និងស៊ីហ្សា (Shisha) ជាដើម។

    ៥. គ្រប់បណ្តាមន្ទីរ-អង្គភាព រដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់ភោជនីយដ្ឋាន ហាងទំនិញ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលមកដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ និងចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព. 

     ៦. សូមម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្ត សេចក្តីណែ នាំនេះ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

    ទទួលបានសេចក្តីណែនាំនេះ គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលសង្កាត់ ត្រូវ យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕  ដោយ  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print