ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស៣នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបើកគៀរម៉ូតូ ម៉ូតូរេជ្រុលទៅបុកអ្នកជិះកង់បន្ត បណ្ដាលឲ្យរងរបួសរដូករណេលនៅលើផ្លូវតែម្តង។
ករណីនេះកើតឡើងនៅវេលាម៉ោង៥ និង៤៥នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៤-២០៥ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ស្រុកបាកានបានឲ្យដឹងថា បុរសរង (របួសធ្ងន់) ជាអ្នកបើកម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អៀប ភ័ក្រ្ត អាយុ៣៥ឆ្នាំ រស់នៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរឈ្មោះ ឃុន ភាស់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (របួសស្រាល) ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានជួបឧបសក្គគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមិនស្គាល់ម៉ាកបើកគៀរ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យម៉ូតូរេចង្កូតទៅបុកអ្នកជិះកង់ពេញទំហឹង នៅពេលដែលកំពុងធ្វើដំណើរស្របទិសគ្នាដែរនោះ បណ្តាលឲ្យរងរបួសរដូករណេលតែម្តង ចំណែករថយន្តបង្កបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល។ ប្រភពបន្តថា បុរសរងរបួសធ្ងន់ជិះកង់ឈ្មោះ លី ភេទប្រុស អាយុ៥១ឆ្នាំ (ជាមនុស្សវិកលចរិក) ពុំដឹងអាសយដ្ឋាននោះទេ។
ប្រភពដដែលបន្តទៀតថា ជនរងរបួសធ្ងន់ស្រាលទាំង៣នាក់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំណែកវត្ថុតាងកង់ និងម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជងដើម្បីរងចាំបន្តតាមនីតិវិធី៕
ដោយ៖ ប៉ឹម ពិន