ខេត្តពោធិ៍សាត់៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមខណៈប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានគេសង្ស័យជាករណីឃាតកម្ម ប៉ុន្តែក្រោយមកគេសន្ធិដ្ឋានថា បណ្ដាលមកពីផឹកស្រា និងលេបថ្នាំសរសៃប្រសាទលើសកំរិត។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះឈើមួយកន្លែងស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ថាច់ ទីន នាយការិល័យកណ្ដាលនគរបាលបច្ចេកទេសវិទ្យាសាស្រ្តស្ដីទី នៃស្នងការដ្ឋាននគរបាលបានឲ្យដឹងថា សាកសពត្រូវគេស្គាល់ឈ្មោះ វ៉ាន់ ណារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅក្នុងគ្រួសារបងបង្កើត ស្ថិតក្នុងភូមិទួលម្នាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
លោកនាយការិយាល័យស្ដីទីបន្តថា សាកសពត្រូវគេប្រទះឃើញនៅក្នុងរោងឈើទំហំ ១,៥០ម៉ែត្រគុណ២ម៉ែត្រដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធរបស់បងបង្កើតឈ្មោះ វ៉ាន់ សុខា អាយុ៣២ឆ្នាំ រស់នៅភូមិ-សង្កើតហេតុ សាកសពនៅក្នុងរោងក្បាលទៅទិសខាងកើត ហើយនៅខាងក្រោមរោងមានដបថ្នាំជ័រសេសៃប្រសាទ១ដបពណ៌ស។
លោកបន្តទៀតថា នៅលើខ្លួនប្រាណសាកសពមានស្លាកស្នាមរលាត់ត្រង់ចំណុចក្រោមក្លៀកខាងស្តាំចំនួន២កន្លែង ទំហំ ៧ស.ម គុណ ១ស.ម មួយកន្លែងទៀតទំហំ ៣ស.ម គុណ ១ស.ម និងមានស្នាមជាំក្រម៉ៅកដៃខាងស្តាំទំហំ ៧ស.ម គុណ ៣ស.ម ព្រមទាំងប្រដាប់ភេទចេញទឹកកាមបន្តិច។
លោកបញ្ជាក់បន្ថែមទៀតថា ក្រោយពីពិនិត្យ និងចាប់យកវត្ថុតាងជុំវិញកន្លែងកើតហេតុអាចសន្និដ្ឋានបានថា ការដាច់រលាត់ស្លាកស្នាមអាចបណ្តាលមកពីជនរងគ្រោះប្រកាច់មុនពេលដាច់ខ្យល់ ហើយជនរងគ្រោះអាចស្លាប់បណ្តាលមកពីផឹកស្រានិងលេបថ្នាំសសៃប្រសាទលើសកម្រិត សាកសពបានប្រគល់ឲ្យសាច់ញាតិចាត់ចែងតាមប្រពៃណី៕
ដោយ៖ ប៉ឹម ពិន