ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា កងកម្លាំងកម្ពុជាបន្តប្រុងប្រយ័ត្នយ៉ាងម៉ឺងម៉ាត់បំផុត បើទោះបីស្ថានភាពនៅតាមព្រំដែនមានលក្ខណៈស្ងប់ស្ងាត់ក្តី ជាពិសេសតំបន់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
លោកស្រីអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ពោលគឺគិតចាប់ពីម៉ោង ១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែសីហា រហូតដល់ម៉ោង ៦ ព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនយោធភូមិភាគទី ៤ និងទី ៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ ហើយកងកម្លាំងកម្ពុជាស្ថិតក្នុងការប្រុងប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអធិបតេយ្យជាតិ។
ការលើកឡើងបែបនេះរបស់លោកស្រីអ្នកនាំពាក្យរូបនេះ ក្នុងពិធីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាលយោធាមកពីប្រទេស៦ ចាប់ផ្តើមចុះពិនិត្យស្ថានភាពសន្តិសុខតាមព្រំដែនកម្ពុជា-ថៃ ក្នុងនោះ ទៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ នៅតំបន់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់ និងច្រកបឹងត្រកួន និងខេត្តព្រះវិហារ នៅតំបន់ច្រកព្រំដែនអានសេះ។
ចំពោះក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដែលមានតំណាងមកពីប្រទេសចំនួន ៦ចូលរួម ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមានសមាជិកសរុប ៧ ប្រទេសបានចេញដំណើរ ទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗដើម្បីសង្កេតមើលស្ថានភាពជាក់ស្តែង និងសន្តិសុខតាមព្រំដែន។
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ទៀតថា កម្ពុជាបន្តអំពាវនាវឲ្យភាគីថៃ អនុវត្តទៅតាមកិច្ចព្រមព្រៀងខឈប់បាញ់ និងប្រគល់មកឲ្យកម្ពុជាវិញនូវកងកម្លាំងទាំង១៨នាក់ ដើម្បីឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសារវិញ ដែលកំពុងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃនោះ។
នាឱកាសនោះដែរ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងថា កម្ពុជាបដិសេធយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់ថៃ មកលើកម្ពុជាអំពីការដាក់មីនថ្មី ដែលបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ ដោយក្រសួងការបរទេសថៃ នៅថ្ងៃទី១០ និងថ្ងៃទី១២ ខែសីហាឆ្នាំ២០២៥៕ ដោយ៖តារា