ខេត្តបាត់ដំបង ៖ រថយន្តV.1 ដឹកស្ករសទម្ងន់រាប់សិបតោន ផ្ទុះកង់ក្រឡាប់ចាក់ស្ករចូលពេញទឹកប្រឡាយ ខណ:តួរថយន្តដាច់ជាពីរកំណាត់ ដែលកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ សីហា នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល តែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរទេ ។
ប្រភពព័ត៌មានឱ្យដឹងថា រថយន្តវេអងនេះដឹកស្ករសរាប់សិបតោនមកពីភ្នំពេញ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ហើយធ្វើដំណើរដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង ។
បើតាមអ្នកភូមិនៅក្បែរនោះបាននិយាយថា នៅម៉ោងកើតហេតុ គេឮសម្លេងផ្ទុះយ៉ាងខ្លាំង ធ្វើឲ្យអ្នកភូមិភ្ញាក់ ផ្អើលឈូឆទាំងកណ្ដាលយប់ ។ គេមិននឹកស្មានថា ផ្ទុះកង់រថយន្តទេ ដោយគិតថា ជាស្នូរគ្រាប់កាំភ្លើងធំ លុះនាំគ្នាចេញមកមើលលើថ្នល់ ស្រាប់តែឃើញកន្ទុយរថយន្តយក្សមួយគ្រឿងដេកផ្ងារជើងច្រង៉ាងក្នុងប្រឡាយទឹក ជាមួយនឹងការ៉ុងស្ករសរាប់សិបតោន ។
រីឯក្បាលរថយន្តជ្រុលហួសទៅមុខចម្ងាយប្រហែល៥០ម៉ែត្រពីកន្ទុយ ដែលដេកក្នុងប្រឡាយទឹក ។ រថយន្តនោះ ស្ថិតក្នុងស្ថានភាពដាច់កង់ផង បែកកង់ផង ហើយថែមទាំងរបើកកាប៊ីនខូចខាតអស់គ្មានសល់ តែពុំមានមនុស្សគ្រោះថ្នាក់ទេ ។
អ្នករួមដំណើរក្នុងរថយន្តដឹកស្ករសបាននិយាយប្រាប់សមត្ថកិច្ចថា រថយន្តខ្លួនក្រឡាប់ដោយសារផ្ទុះកង់មុខ ធ្វើឲ្យរថយន្តរេពេញផ្លូវ រហូតក្រឡាប់កន្ទុយចាក់ស្ករចូលទឹកប្រឡាយ រីឯក្បាលរថយន្ត បានដាច់មួយកំណាត់ជ្រុលហួសទៅមុខ ហើយទាំងក្បាលរថយន្តទាំងកន្ទុយ ខូចខាតយ៉ាងដំណំ ខណ:ស្ករសជាច្រើនតោនក៏ខូច ខាតដែរ ដោយសារចូលទឹក ។
សមត្ថកិច្ចបានប្រាប់ថា ករណីរថយន្តដឹកស្ករសក្រឡាប់ខាងលើនេះ មន្ត្រីជំនាញគ្រាន់តែចុះពិនិត្យនិងធ្វើកំណត់ហេតុ តែបានឲ្យម្ចាស់រថយន្តដោះស្រាយខ្លួនឯង យករថយន្តនិងស្ករសចេញពីកន្លែងកើតហតុ៕