ក្រសួងអប់រំ បានត្រៀមលក្ខណៈ ក្នុងការរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់រយៈពេលពីរថ្ងៃនៃការប្រឡងបាក់ឌុប ដល់បេក្ខជននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ !

សូមបញ្ជាក់ថា ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

មានប្រសាសន៍ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងសហការគ្នាឱ្យបានល្អ ដើម្បីធានាបាននូវដំណើរការប្រឡងប្រកបដោយភាពជោគជ័យ យុត្តិធម៌ និងតម្លាភាព។ ពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះព្រំដែន ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តវិធានការជាច្រើនដើម្បីធានាថា ការប្រឡងនឹងប្រព្រឹត្តទៅដោយរលូនសម្រាប់បេក្ខជនទាំងអស់នៅទូទាំងប្រទេស ជាពិសេសសម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាខេត្តរងផលប៉ះពាល់ខ្លាំង ដោយក្រសួងនឹងត្រៀមរៀបចំក្រុមការងារដើម្បីចុះត្រួតពិនិត្យលើកិច្ចការពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើង។

បន្ថែមលើនេះ ក្រសួងក៏បានត្រៀមលក្ខណៈ ក្នុងការរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់រយៈពេលពីរថ្ងៃនៃការប្រឡងនេះដល់បេក្ខជននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ផងដែរ ដើម្បីឱ្យបេក្ខជនមានភាពកក់ក្តៅ និងផ្តល់ភាពងាយស្រួល ដើម្បីអាចផ្តោតអារម្មណ៍បានល្អលើការប្រឡងរបស់ខ្លួន។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ត្រៀមខ្លួនឱ្យបានល្អ និងរក្សាស្មារតីជឿជាក់លើខ្លួនឯង ដោយក្រសួងនឹងបន្តផ្តល់ការគាំទ្រពេញលេញ ដើម្បីធានាថា ដំណើរការប្រឡងនឹងប្រព្រឹត្តទៅបានរលូនល្អ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print