ខេត្តព្រះវិហារ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោ យជាគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ ទទួលបានពីសប្បុរជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ រស់នៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ យកប្រគល់ជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ប្រចាំខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះ សរុបជាង ២០លើកមកហើយ ។
ពិធីប្រគល់និងទទួលអំណោយ បានប្រព្រឹត្ដទៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការស្រាលកងអង្គរក្ស ដោយដឹកនាំដោយ លោក អុឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូន លោក ឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសខេត្តព្រះវិហារ ។
លោក អុឹមរ៉ន ហាស្សាន់ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយជាគ្រឿងឧបភោគ និងបរិភោគ ប្រគល់ជូនវីរៈកងទ័ព និងជនភៀសសឹក ទាំងទិសប្រាសាទព្រះវិហារ និងឧត្តរមានជ័យ ជាច្រើនលើក មកហើយខណៈ លោក ផ្ទាល់បានដឹកនាំក្រុមការងារចុះនាំយកមកដោយផ្ទាល់ទាំងលើកនេះ សរុប ៤លើក ។ អំណោយទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លាបានពី ប្រជាជនរដ្ឋចូលរួម ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពាន យ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញ សូមអរគុណ ចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលតែងតែចូលរួមចែកធនធាន តាមលទ្ធល ភាពរៀងៗខ្លួន ឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែង មកទីកន្លែងសុវត្ថិភាព តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលនេះពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ ។
ជំនួសមុខឱ្យវីរៈកងទ័ពដែលកំពុងឈរជើង តាមបន្ទាត់ព្រំដែនជួរមុខទាំងអស់ លោក ឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការងកងអង្គរក្ស សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមកាងារ រដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជននៅរាជធានីភ្នំពេញេ និងអំណោយរបស់រដ្ឋ បាលរាជធានីភ្នំពេញ មកប្រគល់ជូនដល់កងទ័ពជួរមុខ។ខ្ញុំសូមអរគុណចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលបានឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគជាច្រើនមុខ សម្រាប់វីរៈកងទ័ព ឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ ។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយកងកម្លាំងទាំងអស់គ្នា និងបានប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណ ភាពទឹកដីពីចោរឈ្លានពានថៃឱ្យបានដាច់ខាត។
សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់កងអង្គរក្ស នាពេលនេះ មានប្រ មាណជិត១០មុខ ដូចជាអង្ករ, ខ្ទឹមស, ត្រីប្រឡាក់,បាយក្តាំង, នំចម្រុះ និងសៀងប្រៃ-ផ្អែម ជាដើម ៕
ដោយ ៖ សំរិត