សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ ២០២៥ បានផ្សាយថា រដ្ឋមន្ត្រីមហាផ្ទៃ លោក Fernando Grande-Marlaska បាននិយាយថា អេស្ប៉ាញកំពុងស្វែងរកជំនួយពីដៃគូអឺរ៉ុបរបស់ខ្លួន ដើម្បីដោះស្រាយភ្លើងឆេះព្រៃនៅទូទាំងប្រទេស ជាពិសេសស្នើសុំយន្តហោះចំនួន ២គ្រឿងពីកាណាដា។
ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Fernando Grande-Marlaska គូសបញ្ជាក់ថា «ដំបូងឡើយ យើងមិនត្រូវការយន្តហោះបន្ទាន់ទេ ប៉ុន្តែដោយសារការព្យាករអាកាសធាតុ យើងចង់ឱ្យយន្តហោះរបស់កាណាដា មកដល់ឆាប់តាមដែលអាចធ្វើទៅបាន ដូច្នេះយើងអាចប្រើប្រាស់បាន នៅពេលចាំបាច់»។ លោកបន្ថែមថា អេស្ប៉ាញ ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីស្វែងរកជំនួយបន្ថែមពីសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត ដូចជាការស្នើសុំអ្នកពន្លត់អគ្គីភ័យច្រើននាក់ជាដើម។
ភ្លើងឆេះព្រៃនៅអេស្ប៉ាញ បណ្តាលឱ្យអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តម្នាក់ស្លាប់ ហើយមនុស្សជាច្រើននាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ចំពោះមុខការព្រមានទីភ្នាក់ងារអាកាសធាតុរដ្ឋថា ផ្ទៃដីអេស្ប៉ាញស្ទើរតែទាំងអស់មានហានិភ័យខ្ពស់នៃគ្រោះអគ្គីភ័យ។ អេស្ប៉ាញ ស្ថិតក្នុងថ្ងៃទី ១០នៃរលកកំដៅ ដែលសីតុណ្ហភាពហក់ឡើងដល់កម្រិត ៤៥អង្សាកាលពីថ្ងៃអង្គារ ហើយកំដៅបែបនេះ អាចនឹងអូសបន្លាយរហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ៕
រូបថត: dantri