ជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាលត្រាំ និងប្រធានាធិបតីរុស្ស៊ី លោកពូទីន គឺជាប្រធានបទក្តៅមួយដែលពិភពលោកចង់បានលទ្ធផលល្អ អាចជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយជាច្រើនឆ្នាំមកនេះ។
នៅមុនជំនួបពិភាក្សា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកជឿជាក់ថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមរបស់លោកនៅអ៊ុយក្រែន ប៉ុន្តែ សន្តិភាពនឹងតម្រូវឱ្យមានកិច្ចប្រជុំកំពូលលើកទី២ដែលមានការចូលរួមពីមេដឹកនាំអ៊ុយក្រែនដែរ។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា និងមុនរូបលោកត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយលោក ពូទីន ក្នុងរដ្ឋ Alaska នៅថ្ងៃសុក្រ ទី១៥ ខែសីហា។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាលោកប្រធានាធិបតី ពូទីន នឹងបញ្ឈប់សង្រ្គាម។ ខ្ញុំគិតថាលោកប្រធានាធិបតី ហ្សេលេនស្គី នឹងបញ្ឈប់សង្រ្គាម ហើយយើងនឹងបានឃើញថាតើពួកគេនឹងបញ្ឈប់សង្រ្គាមឬក៏អត់»? យ៉ាងណាក៏ដោយ លោក ត្រាំ មិនបានរំពឹងខ្ពស់ពេកថាអាចនឹងមានបទឈប់បាញ់មួយលេចចេញជា រូបរាងឡើងនៅឯជំនួបជាមួយលោក ពូទីននោះទេ ដោយនិយាយថាកិច្ចប្រជុំលើកទី២អាចនឹងត្រូវធ្វើឡើងដោយមានការចូលរួមពីមេដឹកនាំជាច្រើនរូប។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងក្រុមមេដឹកនាំអឺរ៉ុប បានបង្កើនកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្នុងសប្ដាហ៍នេះ ដើម្បីរារាំងកុំឱ្យមានកិច្ចព្រមព្រៀងមួយរវាង អាមេរិក និងរុស្ស៉ី កើតចេញពីកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រសប្ដាហ៍នេះ ដែលទុកឱ្យអ៊ុយក្រែននៅតែងាយរងគ្រោះនឹងការវាយប្រហារពីរុស្ស៉ីនៅពេលអនាគត៕
រូបថត: tuoitre