កម្ពុជា ប្រាប់ភាគីថៃ ថាការដោះមីន គួរអនុវត្តបាននៅក្នុងតំបន់ដែលមានកំណត់ខណ្ឌសីមាច្បាស់លាស់ ឬតំបន់ដែលគ្មានជម្លោះ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃទី១៦ ខែសីហានេះ ភាគីកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដោះមីនមនុស្សធម៌ នៅតាមបណ្តោយព្រំដែន។ ប៉ុន្តែកិច្ចការនេះអាចវិវត្តទៅមុខបាន អាស្រ័យទៅលើការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ និងការវិលត្រលប់មករកប្រក្រតីភាពឡើងវិញ តាមបណ្តោយព្រំដែន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅក្នុងកិច្ចប្រជុំ RBC ភាគីកម្ពុជា សង្កត់ធ្ងន់ថា ក្នុងពេលដែលការកំណត់ខណ្ឌសីមាព្រំដែន កំពុងដំណើរការ ដូច្នេះការដោះមីនអាចចាប់ផ្តើមពិចារណាអនុវត្តបាន នៅក្នុងតំបន់ដែលមានកំណត់ខណ្ឌសីមាច្បាស់លាស់ ឬតំបន់ដែលគ្មានជម្លោះ លើខ្សែបន្ទាត់ព្រំដែនដែលគណៈកម្មការព្រំដែនចម្រុះនៃប្រទេសទាំងពីរ (JBC) បានឯកភាពគ្នា។ ក្រសួងការពារជាតិ បន្ថែមថា៖ «ដោយសារគណៈកម្មាធិការ កិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) មិនមានអាណត្តិក្នុងការសម្រេចចិត្តលើកិច្ចការងារដោះមីន ដូច្នេះបញ្ហានេះគួរតែត្រូវបានយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងធ្វើឡើងក្នុងពេលឆាប់ៗ។»។ ដោយឡែក លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ញើសារសាទរចំពោះមេបញ្ជាការភូមិភាគ ៣ របស់កម្ពុជា និងមេបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃ ដែលបានជួបពិភាក្សានៅថ្ងៃនេះ ដោយក្រោយការពិភាក្សាភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពអនុវត្តតាមកិច្ចព្រមព្រៀងដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាព និងអនុវត្តតាមកិច្ចព្រមព្រៀង ១៣ ចំណុច ដែលកម្ពុជា-ថៃបានចុះហត្ថលេខារួមគ្នានៅប្រទេសម៉ាឡេស៊ី។

លោកស្រីឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា ៖ មេបញ្ជាការភូមិភាគ ៣ របស់កម្ពុជា បានជួបពិភាក្សាជាមួយនឹងមេបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃនៅថ្ងៃនេះ។ ក្រោយការពិភាក្សាភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពអនុវត្តតាមកិច្ចព្រមព្រៀងដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាព និងអនុវត្តតាមកិច្ចព្រមព្រៀង ១៣ ចំណុច ដែលកម្ពុជា-ថៃបានចុះហត្ថលេខារួមគ្នានៅប្រទេសម៉ាឡេស៊ី ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print