ខេត្តកណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនថាមានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ សីហា ២០២៥ វេលាម៉ោង ១៤:០៥នាទីរសៀល នៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ ខ្លួនបានមានឈ្មោះ សាំ សីហា ភេទប្រុស អាយុ២៤ឆ្នាំនិងឈ្មោះ សះ រដ្ឋ ភេទប្រុស អាយុ៤៨ឆ្នាំ។ ចំណែកបក្ខពួក ៥នាក់ទៀតបានរត់គេចខ្លួនបាត់។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរចុះល្បាតក្នុងភូមិសាស្រ្តឃុំគគីរ ហើយក៏ជួបប្រទះមុខសញ្ញាចំនួន ៣នាក់ កំពុងបង្ហាញថ្នាំញៀនឲ្យគ្នាមើល។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សាំ សីហា ហើយដក ហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូច។ ចំណែកបក្ខពួកពីរនាក់ទៀតបានរត់គេចខ្លួនបាត់។
ក្រោយសាកសួរឈ្មោះ សាំ សីហា សារភាពថា ខ្លួនបានឲ្យបក្ខពួកឈ្មោះ ទ្រី ធឿន ទៅទិញថ្នាំញៀនពីឈ្មោះ អ៊ុត សំអុល ក្នុងតម្លៃ ២០០.០០០រៀល ហើយបានឲ្យបក្ខពួកម្នាក់ទៀតឈ្មោះ សះ រដ្ឋ ជិះទូកទៅយក។ នៅ ពេលបានថ្នាំញៀនហើយ ពួកគេបានយកមករំលែកបាន ១៣កញ្ចប់តូច ដោយផ្ញើទុកនៅឈ្មោះ ហ៊ុន វីរះ ចំនួន ១២កញ្ចប់តូច និងយកមកតាមខ្លួន ១កញ្ចប់តូច។
ផ្អែកលើចម្លើយសារភាពនេះ កម្លាំងជំនាញបានបន្តចុះទៅត្រួតពិនិត្យផ្ទះរបស់ឈ្មោះ ទ្រី ធឿន ហើយរកឃើញសម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយ ចំនួន។ នៅថ្ងៃទី១៧ សីហា ២០២៥ កម្លាំងក៏បានបន្តទៅពិនិត្យទីតាំងរបស់ឈ្មោះ អ៊ុត សំអុល តែមិនឃើញមុខសញ្ញានោះទេ។ ផ្ទុយទៅវិញ ពួកគេបានជួបនឹងឈ្មោះ សះ រដ្ឋ ហើយធ្វើការត្រួតពិនិត្យរកឃើញថ្នាំញៀន ១កញ្ចប់តូចទៀត។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សះ រដ្ឋ បានសារភាពថា ថ្នាំញៀន និងសម្ភារៈប្រើប្រាស់ទាំងនោះជារបស់ឈ្មោះ អ៊ុត សំអុល និងឈ្មោះ ឃុត នឿន ដែលពួកគេបានឲ្យខ្លួនប្រើប្រាស់។ ខ្លួនក៏ធ្លាប់បានយកថ្នាំញៀនពីអ្នកទាំងពីរទៅលក់ឲ្យគេចំនួន ៥០ដងរួចមកហើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកមុខសញ្ញាដែលបានរត់គេចខ្លួន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបន្ថែមទៀត៕