ក្លឹបបាល់ទាត់នៅក្របខ័ណ្ឌអង់គ្លេស Premier League បានបង្ហាញពីអំណាចហិរញ្ញវត្ថុរបស់ពួកគេដោយចំណាយប្រាក់ 2 ពាន់លានផោន (2.71 ពាន់លានដុល្លារ) លើការចុះហត្ថលេខាទិញកីឡាករដែលមានកេរ្តិ៍ឈ្មោះខ្ពស់នៅរដូវក្តៅនេះ។
Liverpool បានក្លាយខ្លួនជាអ្នកចំណាយច្រើនជាងគេរហូតមកដល់ពេលនេះ ដោយបានចំណាយប្រាក់ជាង 250 លានផោន (338.8 លានដុល្លារ) ដើម្បីនាំយកកីឡាករថ្មីៗជាច្រើនរួមមាន Florian Wirtz, Hugo Ekitike, Milos Kerkez និង Jeremie Frimpong ។ Wirtz និង Ekitike ស្ថិតក្នុងចំណោមកិច្ចសន្យាថ្លៃបំផុតទាំងប្រាំក្នុងក្របខ័ណ្ឌ Premier League រដូវក្តៅនេះ។
ថ្មីៗនេះក្លឹបហង្សក្រហមក៏បានទិញខ្សែការពារកណ្តាលដ៏មានទេពកោសល្យ Giovanni Leoni ពី Parma ក្នុងតម្លៃជាង 30 លានផោន។
តាមពីក្រោយ Liverpool ក្នុងការចំណាយគឺ Manchester United ។ បន្ទាប់ពីខកចិត្តកាលពីរដូវកាលមុន បិសាចក្រហមបានវិនិយោគជិត 200 លានផោនលើខ្សែប្រយុទ្ធថ្មីចំនួន 3 នាក់គឺ Matheus Cunha (62.5 លានផោន), Benjamin Sesko (73 លានផោន) និង Bryan Mbeumo (71 លានផោន) ផ្តល់ឱ្យអ្នកចាត់ការ Ruben Amorim ផ្លាស់ប្តូរខ្សែប្រយុទ្ធទាំងស្រុង។
United ក៏កំពុងដាក់គោលដៅលើខ្សែបម្រើ Carlos Baleba របស់ Brighton ដែលមានតម្លៃមិនតិចជាង 100 លានផោន។
Chelsea ក៏បានសកម្មក្នុងការពង្រឹងក្រុមរបស់ពួកគេផងដែរ ដោយនាំយកខ្សែប្រយុទ្ធ Liam Delap (30 លានផោន) និង Joao Pedro (60 លានផោន) រួមជាមួយខ្សែបម្រើស្លាប Jamie Gittens (48.5 លានផោន) និង Estevao (29 លានផោន) ។ ជាមួយនឹងការចុះហត្ថលេខាថ្មីទាំងនេះតោខៀវ បន្តយុទ្ធសាស្រ្តរបស់ពួកគេក្នុងការកំណត់គោលដៅដែលមានទេពកោសល្យវ័យក្មេង។
ទន្ទឹមនឹងនោះ Arsenal បានធានាបានខ្សែប្រយុទ្ធដែលពួកគេបានតាមប្រមាញ់ជាយូរមកហើយគឺ Viktor Gyokeres ក្នុងតម្លៃ 63.5 លានផោន។ ក្រុមកាំភ្លើងធំក៏បានពង្រឹងខ្សែបម្រើរបស់ពួកគេជាមួយនឹងការបន្ថែមកីឡាករ Martin Zubimendi (55 លានផោន) ពី Real Sociedad និង Christian Norgaard (11 លានផោន) ពី Brentford ។ ពួកគេក៏បានចំណាយ 5 លានផោនលើ Kepa ពី Chelsea ជាអ្នកចាំទីបម្រុង និង Cristian Mosquera ពី Valencia ក្នុងតម្លៃ 16.5 លានផោន។
Manchester City និង Tottenham Hotspur ដណ្តើមបានកំពូលទាំង 6 ដោយចំណាយ 153 លានផោន និង 127 លានផោនរៀងគ្នាក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។