ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឱកាសការងារក្នុងស្រុក ២១២,៣១៨ កន្លែង កំពុងរង់ចាំពលរដ្ឋក្នុងនោះ ភ្នំពេញ ចំនួន ៥៣ ៨៩៨ កន្លែង, ឧត្តរមានជ័យ ៣៩៤, បន្ទាយមានជ័យ ១ ១៨៣, ប៉ៃលិន ១៥៨២, តាកែវ ១៤ ៥២៩, កណ្តាល ២៥ ០៤៣, កែប ១៦, កំពត ៩៥៣, កំពង់ធំ ១៦៧៣, កំពង់ស្ពឺ ៥៣ ៨៩៨, កំពង់ឆ្នាំង ៦៩៨៣, កំពង់ចាម ២៧៧០, ត្បូងឃ្មុំ ចំនួន ៧០៥, បាត់ដំបង ៧៦០, ស្វាយរៀង ២១ ៦៦៣, ព្រៃវែង ២៣៤, ព្រះសីហនុ ៧ ៣៨៩, សៀមរាប ៣១១, រតនគិរី ៥៦៩១, ស្ទឹងត្រែង ៣ ៤៩៣, ពោធិ៍សាត់ ១៩១៧, ព្រះវិហារ ៣៦២, មណ្ឌលគិរី ៤៩៣ និង កោះកុង ៣១០៥ កន្លែង។
បើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហានេះថា ពលរដ្ឋខ្មែរមកពីប្រទេសថៃប្រមាណជាង ៩២ម៉ឺននាក់ ក្នុងនោះប្រមាណជាង ៥ម៉ឺននាក់ជាកុមារ ក្រុមមនុស្ស៤៥ឆ្នាំឡើងមាន ២៥ម៉ឺននាក់ ហើយការទទួលបានការងារតាមរយៈក្រសួង ៦ម៉ឺននាក់។ ចំណែកពលករដែលចុះឈ្មោះ TVET មាន៣ម៉ឺននាក់ ក្រសួងនឹងបើកវគ្គឆាប់ខាងមុខនេះ ក្នុងនោះអ្នកដែលស្វែងរកឧកាសការងារតាមក្រសួងមាន ១៥ម៉ឺននាក់។
គួរជម្រាបជូនថា កាលពីថ្ងៃទី១៦ សីហាថ្មីៗនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់ព័ត៌មានទីផ្សារការងារដល់ប្រជាពលរដ្ឋ និងជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាក់ស្តែងនៅប្រទេសកម្ពុជាមានសហគ្រាស រោងចក្រ ក្រុមហ៊ុន ជាច្រើនកំពុងមានតម្រូវការបុគ្គលិករាប់សិបម៉ឺននាក់ ក្នុងខណៈពេលដែលពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៩០ម៉ឺននាក់ ហើយការចូលរួមសម្របសម្រួលពីសមាជិក សមាជិកា ស.ស.យ.ក. ក្នុងការផ្តល់ព័ត៌មានការងារជូនពលករខ្មែរដែលមកពីថៃឱ្យទទួលបានការងារធ្វើឆាប់រហ័សដើម្បីធានាចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង៕