ប្រទេសថៃ៖ ប្រទេសថៃអាចនឹងប្រឈមជាមួយនឹងការខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ដល់ទៅ ១៣០ ពាន់លានបាត រឺ (៣,៩ពាន់លានដុល្លារ) បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាបានសម្រេចបិទច្រកព្រំដែនជាមួយថៃដោយឯកតោភាគីអស់រយៈពេលជិត២សប្តាហ៍ដែលបណ្តាលឲ្យឡានទំនិញថៃប្រមាណ ៥០០គ្រឿងស្ទះកកគុញគ្នាមិនអាចនាំចូលទំនិញទៅកាន់ប្រទេសមីយ៉ាន់ម៉ាបាន។
យោងតាមកាសែតថៃបានចេញផ្សាយថាប្រទេសថៃនឹងប្រឈមមុខក្នុងការខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ដល់ទៅ៣,៩ពាន់លានដុល្លារដោយសារការបិទព្រំដែនឯកតោភាគីរបស់មីយ៉ាន់អស់ជាង២សប្តាហ៍ដោយមិនពន្យល់មូលហេតុ។ អ្នកនាំទំនិញចេញ និងអាជីវកម្មតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរបន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ាបានបិទស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទីពីរភ្លាមៗដោយមិនបានជូនដំណឹងជាមុន។
គួរកត់សម្គាល់ថាឡានដឹកទំនិញរបស់ថៃ ប្រមាណ៥០០គ្រឿង បានស្ទះជាប់គាំងនៅស្ពានមិត្តភាពទី២រវាងព្រំដែនមីយ៉ាន់ម៉ា-ថៃ ក្រោយពីរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបិទស្ពាន និង ព្រំដែនថៃមិនឲ្យឡានទំនិញថៃនាំចូលអីវ៉ាន់បានទៀត បន្ទាប់ពីមន្ត្រីយោធា និង ស៊ីវិលជាន់ខ្ពស់ត្រូវបានចាប់ខ្លួនដោយរបបយោធាមីយ៉ាន់ម៉ាពីបទអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងកាត់ស្ពានទន្លេថាលវីនក្នុងក្រុង ប៉ាអាន ដោយការបិទនេះមានរយៈពេលប្រហែល ២ សប្តាហ៍ ហើយរថយន្តដឹកទំនិញថៃរាប់រយគ្រឿងនៅតែជាប់គាំងនៅក្នុងក្រុង ម៉ែសតមិនអាចនាំទំនិញចូលមីយ៉ាន់ម៉ា។
ក្នុងនោះការនាំចេញទំនិញពីប្រទេសមីយ៉ាន់ម៉ា រួមមាន ខ្ទឹមបារាំង ម្ទេស សណ្តែក អង្ករ បន្លែ សាច់ និងត្រី នៅតែហូរចូលប្រទេសថៃធម្មតាតែទំនិញពីប្រទេសថៃតាមស្ពានមិត្តភាព ២ មិនអាចនាំចូលប្រទេសមីយ៉ាន់ម៉ាបានឡើយ។ គេនៅមិនទាន់ដឹងថាតើការបិទច្រកព្រំដែនរបស់មីយ៉ាន់ម៉ានេះចំណាយពេលដល់ថ្ងៃណានោះទេ ដោយក្រុមហ៊ុន និងអាជីវករថៃជាច្រើនបានបង្ហាញពីការព្រួយបារម្ភនៃការបិទច្រកព្រំដែនមីយ៉ាន់ម៉ា-ថៃ៕
ប្រភព ៖ ស៊ីស៊ីថាមស៍