Salah តារាបាល់ទាត់ដំបូងគេដែលឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFAបីលើក

ចែករំលែក៖

ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមបាល់ទាត់អាជីព (PFA) កាលពីថ្ងៃអង្គារ ដោយកីឡាករអេហ្ស៊ីបរូបនេះបានក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់នេះចំនួនបីដង។

Salah ដែលបានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ 2017 គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League កាលពីរដូវកាលមុន ដោយស៊ុតបាន 29 គ្រាប់ រួមជាមួយនឹងការបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន 18 ដង ដែលដើរតួយ៉ាងសំខាន់ក្នុងក្រុមឈ្នះពានលីគ ហើយបញ្ចប់ 10 ពិន្ទុនាំមុខក្រុមរងជើងឯក Arsenal ។

កីឡាករវ័យ 33 ឆ្នាំរូបនេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខ័ណ្ឌ Premier League ស្បែកជើងមាសសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេ និងពានរង្វាន់ Playmaker សម្រាប់ការបញ្ជូនបាល់ច្រើនបំផុតដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ទាំងបីក្នុងរដូវកាលតែមួយ។

Salah បានឈ្នះពានរង្វាន់ PFA ជាលើកដំបូងក្នុងឆ្នាំ 2018 បន្ទាប់ពីរដូវកាលដំបូងរបស់គាត់នៅ Liverpool ហើយម្តងទៀតនៅឆ្នាំ 2022 ហើយនៅឆ្នាំនេះបានចេញមកនៅលើកំពូលនៃបញ្ជីជ្រើសរើសបុរសចំនួន 6 នាក់ដែលត្រូវបានបោះឆ្នោតឱ្យដោយសមាជិក PFA មកពី 92 ក្រុម Premier League និង Football League ។

ចំណែកខ្សែបម្រើ Aston Villa សញ្ជាតិអង់គ្លេស Morgan Rogers ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ បន្ទាប់ពីកីឡាករវ័យ 23 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 8 គ្រាប់ក្នុងការប្រកួត 37 ប្រកួតកាលពីរដូវកាលមុន និងស៊ុតបញ្ចូលទីបាន 4 គ្រាប់នៅ Champions League រួមទាំងការស៊ុតបញ្ចូលទី Hat-trick ទល់នឹង Celtic ។

ខ្សែបម្រើ Mariona Caldentey របស់ Arsenal ជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ។ កីឡាការិនីអេស្បាញស៊ុតបញ្ចូលទីបាន 9 គ្រាប់ក្នុងលីគក្នុងរដូវកាលដំបូងរបស់នាងជាមួយក្លឹប រួមជាមួយនឹងការស៊ុតបញ្ចូលទីចំនួន 8គ្រាប់ នៅ Champions League ដែល Arsenal បានផ្តួលអតីតក្លឹប Barcelona របស់នាងដើម្បីឈ្នះពានរង្វាន់។

...

ខ្សែប្រយុទ្ធសញ្ជាតិកាណាដាវ័យ 21 ឆ្នាំ Olivia Smith ដែលជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ Liverpool កាលពីរដូវកាលមុននៅគ្រប់ការប្រកួតទាំងអស់ជាមួយនឹងគ្រាប់បាល់ចំនួន 9 គ្រាប់ ទទួលបានពានរង្វាន់កីឡាការិនីវ័យក្មេងល្អបំផុតប្រចាំឆ្នាំ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print