ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជានៅតែបន្តអំពាវនាវយ៉ាងទទូចឱ្យថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឱ្យបានឆាប់ ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគាត់ ដែលកំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ ខណៈមកដល់ថ្ងៃទី២០ខែសីហានេះគឺមានរយៈពេល២២ថ្ងៃហើយ បន្ទាប់ពីថៃចាប់ពួកគាត់ទៅដោយខុសច្បាប់នោះ។
លោកស្រីអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា កម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិនៅតែទទូចឱ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀង និងធ្វើការដោះលែងទាហានកម្ពុជាដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឱ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយក៏បានស្នើឱ្យថៃ គប្បីគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់បំផុត ដែលបានព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដា និងនឹងគោរពស្មារតីឯកភាពទាំង១៣ចំណុច កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនៅប្រទេសម៉ាឡេស៊ី ដែលមានអាមេរិក ចិន និងម៉ាឡេស៊ីជាសាក្សីផងដែរនោះ។
លោកស្រីឧត្តមសេនីយ៍ឯក បានបញ្ជាក់ជាថ្មីម្តងទៀតថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងស្រស្រាក់ស្រស្រាំបំផុត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។
ជាថ្មីម្តងទៀត លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឱ្យថៃបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ពោលគឺរហូតដល់ថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ នោះឱ្យខាងតែបាននាពេលឆាប់ៗនេះ។
បន្ថែមពីនេះ លោកស្រីអ្នកនាំពាក្យរូបនេះ ក៏បានផ្តាំទៅភាគីថៃជាថ្មីម្តងទៀតផងដែរថា កម្ពុជាប្ដេជ្ញាធ្វើការដោយស្មោះត្រង់ និងជិតស្និទជាមួយប្រទេសថៃ ម៉ាឡេស៊ី និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ ដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដូច្នេះថៃត្រូវតែគោរព និងប្រ កាន់ខ្ជាប់នូវរាល់កិច្ចព្រមព្រៀងទាំងឡាយនេះ៕ ដោយ៖តារា