ឧបទ្ទវហេតុបាក់ស្ពានផ្លូវដែកនៅចិនស្លាប់១២នាក់

ចែករំលែក៖

កាលពីម្សិលមិញ (២២ សីហា) គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅការដ្ឋានសាងសង់ស្ពានរថភ្លើងឆ្លងកាត់ទន្លេលឿង នៅលើផ្លូវរថភ្លើង Sichuan-Qinghai ប្រទេសចិន ដោយបានសម្លាប់មនុស្សយ៉ាងតិច ១២នាក់ និងបាត់ខ្លួន៤នាក់។
នៅវេលាម៉ោងប្រហែល៣និង១០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែសីហា ពេលដែលក្រុមការងារសាងសង់ផ្លូវ និងស្ពានចិនកំពុងតោងខ្សែដែកដើម្បីសាងសង់គល់ស្ពាន ស្រាប់តែមានខ្សែមួយបានដាច់។ ជាលទ្ធផលបាក់រនាំងដែកប្រវែង១០៨ម៉ែត្រ បណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ភ្លាមៗបន្ទាប់ពីកើតហេតុ រដ្ឋាភិបាលខេត្ត Qinghai បានបង្កើតគណៈកម្មាធិការបញ្ជាការសង្គ្រោះបន្ទាន់ភ្លាមៗ ដោយមានក្រុមការងារចំនួន 7 ធ្វើការសម្របសម្រួលជួយសង្គ្រោះ និងដោះស្រាយផលប៉ះពាល់។ មនុស្សជាង 800 នាក់ រួមជាមួយនឹងរថយន្តសង្គ្រោះចំនួន 91 គ្រឿង ទូក 27 គ្រឿង ឧទ្ធម្ភាគចក្រ 1 គ្រឿង និងមនុស្សយន្តចំនួន 5 ត្រូវបានចល័ត។ មន្ទីរពេទ្យចំនួន6នៅក្បែរនោះក៏បានបើក “ឆានែលបៃតង” ដើម្បីទទួលការព្យាបាលបន្ទាន់សម្រាប់ជនរងគ្រោះ។
គិតត្រឹមម៉ោង 6:00 ល្ងាច នៅថ្ងៃដដែលនេះ អាជ្ញាធរបានបញ្ជាក់ថា មនុស្ស ១២ នាក់បានស្លាប់ និង ៤ នាក់នៅបាត់ខ្លួន។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិនបានបញ្ជូនក្រុមការងារដោយផ្ទាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីដឹកនាំ និងគាំទ្រការងារជួយសង្គ្រោះ។
បច្ចុប្បន្ននេះ ការងារស្វែងរក និងជួយសង្គ្រោះ និងការថែទាំព្យាបាលអ្នករបួស នៅតែត្រូវបានដាក់ពង្រាយជាបន្ទាន់។ មូលហេតុនៃឧបទ្ទវហេតុនេះកំពុងត្រូវបានស៊ើបអង្កេតនិងបញ្ជាក់ឱ្យច្បាស់។
គេបានដឹងថាស្ពានដែលបាក់នោះស្ថិតក្នុងស្រុក Tiem Tra ខេត្ត Qinghai ប្រទេសចិន។ ស្ពាននេះមានប្រវែងជាង 1.5 គីឡូម៉ែត្រ ដែលផ្នែកសំខាន់មានប្រវែង 648 ម៉ែត្រ ហើយត្រូវបានចាត់ទុកថាជាស្ពានដែកធំបំផុតនៅលើពិភពលោក។
នេះក៏ជាស្ពានផ្លូវរថភ្លើងដំបូងគេដែលឆ្លងកាត់ទន្លេលឿង ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាការស្កែនឡាស៊ែរ 3D គំរូ BIM និងការតម្លើងដែកដែលមានកម្លាំងខ្ពស់ ជាមួយនឹងទម្ងន់ដែកសរុបជាង 17,000 តោន។ គម្រោងនេះគឺជាធាតុផ្សំដ៏សំខាន់នៃផ្លូវរថភ្លើងល្បឿនលឿន Sichuan-Qinghai (832 គីឡូម៉ែត្រ) ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី Xining (Qinghai) ទៅ Chengdu (Sichuan) តិចជាង 5 ម៉ោង៕

...

រូបថត​: xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print