លោក វ៉ី សំណាង៖ ការប្រឡងមន្រ្តីពន្ធនាគារ អ្នកចេះគឺជាប់ដោយសារមានសមត្ថភាពពិតប្រាកដ

ចែករំលែក៖

ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា បេក្ខជនដែលនឹងប្រឡងជាប់ជាមន្រ្តីពន្ធនាគារ គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានការអន្តរាគមន៍ ឬការប្រើប្រាស់ខ្សែខ្នងណាមួយឡើយ។

ប្រសាសន៍នេះ ត្រូវបានថ្លែងឡើងនៅក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ ដែលធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យជាស៊ីមតាកែវ។
ក្នុងនាមជាអធិបតីរួមជាមួយលោក សរ ភមរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ លោក វ៉ី សំណាង អញ្ជើញ កាត់ស្រោមវិញ្ញាសារដោយផ្ទាល់ដៃ ដើម្បីធានានូវតម្លាភាព និងយុត្តិធម៌នៃការប្រឡង។ លោកបានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «អ្នកដែលប្រឡងជាប់ គឺជាប់ដោយគ្មានខ្សែឬមានខ្នងអ្នកណាឡើយ។ យើងធានាថាការប្រឡងនេះនឹងប្រព្រឹត្តទៅដោយស្មើភាព តម្លាភាព និងយុត្តិធម៌ ដើម្បីជ្រើសរើសបានធនធានមនុស្សពិតប្រាកដសម្រាប់បម្រើការងារជូនជាតិ។»

លោកអភិបាលខេត្ត ក៏បានបន្ថែមទៀតថា ការប្រឡងនេះគឺធ្វើឡើងដើម្បីជ្រេីសរេីសយកតែអ្នកដែលមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ មិនមែនជ្រេីសរេីសយកអ្នកដែលមានខ្នងបង្អែកនោះទេ។ «បេក្ខជនដែលមកប្រឡងនៅថ្ងៃនេះ គឺជាប់ដោយសមត្ថភាពផ្ទាល់ខ្លួន… អ្នកចេះគឺជាប់។» ឯកឧត្តមបានថ្លែងសង្កត់ធ្ងន់។

សូមជម្រាបថា បេក្ខជនសរុបចំនួន ៦៣៧ នាក់មកពីខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ បានដាក់ពាក្យចូលរួមប្រឡងប្រជែងក្នុងឆ្នាំនេះ។ ដំណើរការប្រឡងត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការជ្រើសរើស៕

...

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print