លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការធ្វើតេស្ដបាញ់ប្រព័ន្ធការពារដែនអាកាស

ចែករំលែក៖

ទីក្រុងព្យុងយ៉ាងបង្ហាញសមត្ថភាព ការពារដែនអាកាសរបស់ខ្លួន ។ សារព័ត៌មាន AFP បានដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអាទិត្យ ទី២៤ ខែសីហាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យនិងបញ្ជាដោយផ្ទាល់លើការធ្វើតេស្ដបាញ់ប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីទីក្រុងព្យុងយ៉ាងចោទកូរ៉េខាងត្បូងថាបានដុតបញ្ឆេះភាពតានតឹងនៅតំបន់ព្រំដែន។

តាម KCNA ការធ្វើតេស្ដបាញ់ប្រព័ន្ធការពារដែនអាកាសខាងលើធ្វើឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយបានបង្ហាញថា ប្រព័ន្ធអាវុធនេះមានសមត្ថភាពប្រយុទ្ធខ្ពស់។ KCNA មិនបានបញ្ជាក់លម្អិតពីប្រព័ន្ធអាវុធនេះនោះទេ ហើយក៏មិនបានឱ្យដឹងថាតើការធ្វើតេស្ដត្រូវបានធ្វើឡើងនៅទីតាំងណាមួយនោះដែរ ដោយគ្រាន់តែនិយាយថា ការធ្វើប្រតិបត្តិការនិងប្រតិកម្មតបតនៃប្រព័ន្ធខែលប្រឆាំងមីស៊ីលទាំង២ ផ្អែកលើបច្ចេកវិទ្យាទំនើប និងពិសេសដាច់គេ។ ក្រុមអ្នកវិភាគបាននិយាយថា ដោយរៀនសូត្រពីសង្រ្គាមនៅអ៊ុយក្រែន កូរ៉េខាងជើងទំនងជាកំពុងបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសសំដៅទប់ទល់នឹងដ្រូន ហើយពួកគេយល់ឃើញបែបនេះ ដោយផ្អែកលើសេចក្ដីរាយការណ៍របស់ KCNA ដែលសង្កត់ធ្ងន់ជាពិសេសពីដ្រូននិងគ្រូសមីស៊ីល។
ការធ្វើតេស្ដបាញ់ប្រព័ន្ធខែលប្រឆាំងមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា ទាហានរបស់ខ្លួនបានបាញ់ព្រមានទាហានកូរ៉េខាងជើងជាច្រើននាក់ដែលព្យាយាមឆ្លងព្រំដែនចូលដីកូរ៉េខាងត្បូងរយៈពេលខ្លី កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ កូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធករណីខាងលើផងដែរ ដោយនិយាយថាការបាញ់ព្រមានរបស់យោធាកូរ៉េខាងត្បូងនៅក្បែរព្រំដែន គឺជាសកម្មភាពបង្កហេតុដោយចេតនា៕ ដោយធីរីណា

...

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print