ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រវិហារ បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ “រត់ដើម្បីសន្តិភាព” នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុង #ភូមិគូលែនត្បូង #ឃុំគូលែនត្បូង #ស្រុកគូលែន #ខេត្តព្រះវិហារ។ នេះបើយោងតាមការបង្ហោះតាមផេកផ្លូវការ របស់គាត់នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។
លោក គីម រិទ្ធី អភិបាលខេត្តព្រវិហារ បានលើកឡើងថា ៖ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាបង្កើតបរិយាកាសស្និទ្ធស្នាល និងទំនាក់ទំនងល្អរវាងជនភៀសខ្លួនដែលកំពុងស្នាក់នៅទីនោះ តាមរយៈការរត់រួមគ្នា ពួកគាត់មិនត្រឹមតែបានហាត់ប្រាណប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក ក្នុងស្មារតីសាមគ្គីភាព និងក្តីសង្ឃឹម។
លោកថា ៖ កម្មវិធីនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប៕
ដោយ ៖ សិលា