ខេត្តកណ្តាល ÷ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់និង០៣នាក់ទៀតរងរបួសធ្ងន់ស្រាល ដែលបង្កឡើងដោយរថយន្តបុករថយន្ត និងជ្រុលទៅបុករថយន្ត១គ្រឿងទៀត ដែលសុទតែជាប្រភេទរថយន្តម៉ាក HYUNDAI ទាំង០៣គ្រឿង។ ហេតុ ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង០៥ នាទីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ២៨-៣៩ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮប្រាប់ឱ្យដឹងថា នៅវេលាកើតហេតុមានរថយន្ត១ គ្រឿងម៉ាក HYUNDAIពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-3649 និងមានសណ្តោងសឺមីរ៉ឺម៉កពណ៌ ខៀវពាក់ស្លាកលេខត្បូងឃ្មុំ 4A-1691 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ដែលបើកបរមានទិសដៅពីជើងទៅត្បូង។ លុះពេលបើកបរមកដល់ចំណុចកើត ហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវពីលិចទៅកើត ស្របពេល នោះក៏មានរថយន្ត១គ្រឿងម៉ាក HYUNDAI (ប្រភេទដឹកទំនិញ) ពណ៌ខៀវពាក់ស្លាកលេខ ក-5460ភព3 បើកបរដោយឈ្មោះ ដូ វ៉ាន់ឡុល ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម (រងរបួសស្រាល) និងមានអ្នករួមដំណើរជាមួយចំនួន ០២នាក់។
ទី១-ឈ្មោះ ញ៉ក់ ញេម ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរស្វាយ ឃុំព្រែកកុយ ស្រុកកងមាស (ស្លាប់នៅកន្លែងកើតហេតុ) និងទី២-ឈ្មោះ ហ័ន សុង ភេទប្រុសអាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម(រងរបួស ធ្ងន់)ដែលបើកបរមានទិសដៅពីជើងទៅត្បូង ក៏បានបុកជាមួយរថយន្តដែលបត់ឆ្លងផ្លូវខាងលើ ហើយក៏បានជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាក HYUNDAI (ប្រភេទដឹកទំនិញ) ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5983 បើកបរដោយឈ្មោះ យ៉ាន់ ភារម្យ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្បាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់(រងរបួសស្រាល) ដែលបើកបរមានទិសដៅពីត្បូង ទៅជើង។
សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រឺឯអ្នករងរបួសធ្ងន់ស្រាលទាំង ០៣នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ចំណែកកវត្ថុតាងរថយន្តទាំង៣គ្រឿង (ខូចខាតធ្ងន់២ គ្រឿង និងស្រាល១គ្រឿង) ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធី។
សមត្ថកិច្ចបានសេចក្តីសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរខាងលើគឺបណ្តាលមកពី÷ ១- អ្នកបើកបររថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A- 3649 បើកបរធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន មិនពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយមុន នឹងបត់ឆ្លងផ្លូវ និង២- អ្នកបើកបររថយន្តម៉ាក HYUNDAI (ប្រភេទដឹកទំនិញ) ពណ៌ខៀវ ពាក់ស្លាកលេខ ក-5460ភព3 បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មិនពិនិត្យស្ថានភាពផ្លូវនៅខាងមុខឲ្យបានច្បាស់លាស់ពេលកំពុងបើកបរ៕