ភ្នំពេញ៖ ក្រុមអ្នកអភិរក្សសត្វក្រៀលនៅកម្ពុជា ដែលដឹកនាំដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានបង្ហាញអំពីលទ្ធផលវិជ្ជមានក្នុងឆ្នាំ២០២៥ នៃការធ្វើជំរឿន។ សត្វក្រៀលជាប្រភេទសត្វកំពុងរងគ្រោះឈានទៅជិតផុតពូជនៅក្នុងពិភពលោក។
ការធ្វើជំរឿនសត្វក្រៀល បានធ្វើឡើងជារៀងរាល់ឆ្នាំ នៅគ្រប់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០០០មក ដែលការធ្វើជំរឿននេះ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់អំពីស្ថានភាពប្រជាសាស្ត្រនៃប្រភេទសត្វដ៏កម្រនេះ និងកត្តាគំរាម កំហែងរបស់ពួកវានៅក្នុងតំបន់អាងទន្លេមេគង្គក្រោម។ ការធ្វើជំរឿនសត្វក្រៀលនៅឆ្នាំ២០២៥ ត្រូវបានកត់ត្រាចំនួន ២១៤ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលជាចំនួនខ្ពស់បំផុតគិតពីឆ្នាំ២០២០មក ដោយមានការកើនឡើងប្រមាណជា២០% ធៀបនឹងលទ្ធផលឆ្នាំ២០២៤ និងកើនដល់ ៣៧% ធៀបនឹងលទ្ធផលឆ្នាំ២០២២។
ចំនួនសត្វក្រៀលដែលមានវត្តមាននៅតំបន់អាងទន្លេមេគង្គក្រោម មានការថយចុះគួរឱ្យព្រួយបារម្ភ ក្នុងអំឡុងទសវត្សចុងក្រោយនេះ ដោយលទ្ធផលជំរឿនប្រចាំឆ្នាំបានធ្លាក់ចុះពី ៨៦៩ក្បាល ក្នុងឆ្នាំ២០១១ មកនៅត្រឹម១៥៦ក្បាល ក្នុងឆ្នាំ២០២២។ ដោយឡែកចាប់ តាំងពីឆ្នាំ២០២២ សត្វក្រៀលបានចាប់ផ្តើមកើនឡើងវិញ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានលើកឡើងថា លទ្ធផលជំរឿននេះនាំមកនូវសុទិដ្ឋិនិយមចំពោះការគ្រប់គ្រង និងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការកើនឡើងចំនួនសត្វក្រៀល ក្នុងពេលធ្វើជំរឿនឆ្នាំ២០២៥ បានបង្ហាញអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្ត ធានាឱ្យបាននូវគុណភាពបរិស្ថាន សុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកប ដោយភាពសុខដុមរមនា។
លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តម្ភទី២គឺ «ភាពបៃតង» ដែលគាំទ្រដល់ការចូលរួមពីអាជ្ញាធរគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ក្នុងការកិច្ចខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ ការពង្រឹងសមត្ថភាពនិងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការបណ្តុះ ដាំដើមឈើឱ្យបានច្រើនដើម្បីបង្កើនគម្របបៃតង និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដែលធ្វើឱ្យចំនួនសត្វព្រៃ ជាពិសេសប្រភេទសត្វក្រៀល មានការកើនឡើង។
សូមបញ្ជាក់ថា ការរាប់ចំនួនសត្វក្រៀលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែឧសភា នៅក្នុងទីតាំងសំខាន់ៗចំនួន១៣ ក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយមានការសម្របសម្រួលពីក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា(CSCWG)។ ការធ្វើជំរឿននេះអាចប្រព្រឹត្តទៅបានតាមរយៈកិច្ចសហការរវាងស្ថាប័ន និងអង្គការមួយចំនួន រួមមាន ក្រសួងបរិស្ថាន(MoE) អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) អង្គការសមាគម អភិរក្សសត្វព្រៃ(WCS) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) មូលនិធិសត្វក្រៀលអន្តរជាតិ(ICF) អង្គការអភិរក្សតំបន់ដីសើម និងសត្វស្លាបព្រៃ (WWT) និងអ្នកពាក់ព័ន្ធផ្សេងទៀត។
លោក Alistair Mould នាយកប្រចាំប្រទេសកម្ពុជានៃអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានលើកឡើងថា លទ្ធផលជំរឿនសត្វក្រៀលដ៏ជោគជ័យទាំងនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់សមាជិកក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា សហគមន៍មូលដ្ឋាន និងអ្នកអភិរក្សផ្សេងទៀត ដែលបាននិងកំពុងធ្វើការនៅទីវាល។
ចំណែកកញ្ញា Christel Griffioen នាយកប្រចាំប្រទេសរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានលើកឡើងថា តំបន់ដីសើម និងព្រៃរបោះរបស់ប្រទេសកម្ពុជា ជាបន្ទាយដ៏រឹងមាំសម្រាប់គាំទ្រដល់សត្វក្រៀល ដែលជាប្រភេទសត្វមានសក្តានុពលធម្មជាតិ និងវប្បធម៌ដ៏ជ្រៀលជ្រៅ។ លទ្ធផលជំរឿនដ៏គាប់ប្រសើរក្នុងឆ្នាំ២០២៥ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់អង្គការដៃគូអភិរក្ស និងសហគមន៍មូលដ្ឋាន។ ការធានាបាននូវនិរន្តភាពនៃកិច្ចសហការគឺមានសារៈសំខាន់ណាស់ដើម្បីធានាអនាគតយូរអង្វែងសម្រាប់សត្វដ៏ស្រស់ស្អាត និងអស្ចារ្យនេះ។
លោក ប៊ូ វរសក្ស អនុប្រធានក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា និងជានាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចការពារសត្វក្រៀល និងទីជម្រករបស់វា។ តាមរយៈការអង្កេតតាមដានរួមគ្នា ការធ្វើផែនការយុទ្ធសាស្រ្ត ការអភិរក្សរួមគ្នា និងការផ្តួចផ្តើមអនុវត្តកសិកម្មមេត្រីភាពសត្វក្រៀល ដោយបាននិងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាថាប្រភេទសត្វតំបន់ដីសើមដ៏កម្រ ដែលកំពុងមានវត្តមាននៅអាស៊ីអាគ្នេយ៍មួយនេះ នឹងបន្តកើនឡើង និងរួមចំណែកជាផ្នែកមួយ នៃសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា៕