ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិជូនពរ លោក HON. Senator Dato Awang Bemee bin Awang Ali Basah ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងឱកាសខួបលើកទី៦៨ ទិវាបុណ្យជាតិម៉ាឡេស៊ី។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមប្រជាជន ព្រមទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាពិសេសព្រឹទ្ធសភា នៃព្រះរាជាណា ចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរស្មោះអស់ពីចិត្ត និងសូមជូនពរ ឯកឧត្តម ព្រឹទ្ធសភាម៉ាឡេស៊ី និងប្រជាជនម៉ាឡេស៊ីជាទីរាប់អាន ក្នុងឱកាសដ៏មាននក្ខត្តឫក្សខួបលើកទី៦៨ នៃទិវា បុណ្យឯករាជ្យជាតិម៉ាឡេស៊ី។
ខ្ញុំសូមកោតសរសើរម៉ាឡេស៊ីចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមដ៏អស្ចារ្យដែលប្រជាជន និង រដ្ឋាភិបាលម៉ាឡេស៊ី សម្រេចបាន និងតួនាទីយ៉ាងសំខាន់របស់ខ្លួននៅលើឆាកតំបន់ និងអន្តរជាតិ។ ខ្ញុំក៏សូម អបអរសាទរផងដែរ ចំពោះម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ដែលបាននិងកំពុងដឹកនាំការងារ អាស៊ានប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍រួមនៃសហគមន៍អាស៊ាន និងពិភពលោក។
ចាប់តាំងពីការបង្កើតនៅឆ្នាំ១៩៥៧ ទំនាក់ទំនងការទូតជាមិត្តរបស់ប្រជាជាតិយើងទាំងពីរបាន រីកចម្រើនយ៉ាងខ្លាំងតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យជាច្រើន រួមទាំងនយោបាយ ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ស្ថិតក្នុងបរិបទនៃបញ្ហាប្រឈមនិងភាពមិនប្រាកដ ប្រជាជាសកល ខ្ញុំជឿជាក់ថា ប្រទេសយើងទាំងពីរនឹងរីកចម្រើនជាមួយគ្នាតាមរយៈកិច្ចប្រឹងប្រែងរួមរបស់ យើង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីយ៉ាងជិតស្និទ្ធ ។
ផ្អែកលើសេចក្តីប្រាថ្នាចង់បានសន្តិភាព និងកិច្ចសហប្រតិបត្តិការតំបន់និងសកល ខ្ញុំទន្ទឹងរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិយើង ទាំងពីរ ដែលនឹងរួមចំណែកជំរុញ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចទំនាក់ទំនងយូរអង្វែងរវាង ប្រទេសទាំងពីរ។
ជាថ្មីទៀត សូម លោក ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ និងសូមគោរពជូនពរ លោក បន្តមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់លោក៕