ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តបតាមការអញ្ជើញរបស់ លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភា បានឱ្យដឹងថា ៖ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមាន សម្តេច ពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធាន គណបក្ស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធាន គណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា, ថ្នាក់ ដឹកនាំជាន់ខ្ពស់មកពីក្រសួង/ស្ថាប័ននានា និងស្ថាប័ននីតិប្បញ្ញត្តិ។
ស្របពេលនៃការអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ ដឹក នាំ វៀតណាមរួមមាន លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ជិន ថាញ់មិន ប្រធានរដ្ឋសភា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី។
សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏គ្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបរទេសដទៃទៀតដែលអញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។
សូមបញ្ជាក់ថា ៖ នេះជាទស្សនកិច្ចលើកទី៣ នៅក្នុងឆ្នាំ២០២៥ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅប្រទេសវៀតណាម ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញា ចិត្ត ខ្ពស់បំផុតពីថ្នាក់ដឹកនាំកម្ពុជា ចំពោះសារៈសំខាន់នៃការកសាងភាពជឿទុកចិត្តគ្នា និង ការពង្រឹងទំនាក់ទំនង មិត្តភាពដ៏ល្អប្រសើរជាមួយប្រទេសជិតខាង នៅគ្រប់កម្រិត និង គ្រប់វិស័យ ជាពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងគោលដៅធានា សន្តិ ភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមស្មារតី «ភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរ អង្វែង»។
សូមបញ្ជាក់ថា ៖ ប្រារព្ធពិធីរំលឹកខួបលើកទី៨០ នៃថ្ងៃបុណ្យឯករាជ្យជាតិ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះវៀតណាម កាលពីថ្ងៃសៅរ៍ទី៣០ ខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ ក៏បានបង្ហាញអាវុធគ្រប់ប្រភេទសម្រាប់ត្រៀមក្នុងកម្មវិធីដ៏ទំនើបៗ ដែលបញ្ជាក់ថា វៀតណាមមានអភិវឌ្ឍន៍បានច្រើនលើវិស័យការពារជាតិរបស់ខ្លួន ។
យោងតាម The Vietnamese Magazine វៀតណាមគ្រោងចាយ ជាង១០ពាន់លានដុល្លារសម្រាប់កិច្ចការពារជាតិនៅឆ្នាំ ២០២៥ កើនឡើង ៦០% ធៀបនឹងឆ្នាំ២០២១ ។
អាវុធដែលវៀតណាមតាំងបង្ហាញមានយន្តហោះចម្បាំង រថពាសដែក ដ្រូនអត្តឃាត ដ្រូនឈ្លបយកការណ៍ ប្រព័ន្ធបាញ់មីស៊ីលការពារដែនសមុទ្រ និងយានចម្បាំងគ្រាប់បាញ់មិនធ្លុះជាដើម ៕
ដោយ ៖ សិលា