កាសែតថៃ Khaosod បានផ្សាយថា អតីតសមាជិកព្រឹទ្ធសភាថៃ លោក Rueangkrai Leekitwattana បានដាក់ញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីប្រើប្រាស់សាលក្រមរបស់តុលាការធម្មនុញ្ញថៃ ដែលដកតំណែងនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ដើម្បីរំលាយគណបក្សភឿថៃ។
លោក Rueangkrai បានអះអាងនៅថ្ងៃទី១ ខែកញ្ញាថារូបលោកបានដាក់ញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតថៃ។ តាមអតីតសមាជិកព្រឹទ្ធសភាថៃរូបនេះ សាលក្រមតុលាការធម្មនុញ្ញមានចំណុចមួយប្រហែលជាអាចពាក់ព័ន្ធនឹងសកម្មភាពរបស់លោកស្រី Paetongtarn ក្នុងនាមជាមេដឹកនាំបក្សភឿថៃ ដែលអាចនឹងត្រូវបានចាត់ទុកថាជាការបំពានលើច្បាប់ស្ដីពីគណបក្សនយោបាយឆ្នាំ២០១៧។
លោក Rueangkra ក៏បានគូសបញ្ជាក់ដែរថាចំណុចខាងលើគួរតែត្រូវបានចាត់ទុកជាភស្តុតាងជាក់ច្បាស់ថាគណបក្សភឿថៃដឹកនាំដោយលោកស្រី Paetongtarn បានប្រព្រឹត្តសកម្មភាពមួយ ដែលអាចត្រូវបានសន្មត់ថាជាសកម្មភាពអរិភាពទៅនឹងប្រព័ន្ធប្រជាធិបតេយ្យនៃរដ្ឋាភិបាលដោយមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ដែលនេះជាការបំពានលើច្បាប់ស្ដីពីគណបក្សនយោបាយ។
តាមលោក Rueangkra គណៈកម្មការរៀបចំការបោះឆ្នោតថៃមិនមានសិទ្ធិអំណាចរំលាយគណបក្សនយោបាយណាមួយឡើយ តែគណៈកម្មការនេះអាចដាក់ញត្តិទាមទារឱ្យតុលាការធម្មនុញ្ញ ដើម្បីចេញសាលក្រមសម្រេចថាតើគួរ ឬមិនគួររំលាយគណបក្សភឿថៃ៕
រូបថត: plo