ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមមន្រ្តីរាជការ ព្រះសង្ឈ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ក្នុងខេត្តតាកែវ បានជួបជុំគ្នានៅក្នុងក្រុងដូនកែវ ដើម្បីធ្វើការដង្ហែធម្មយាត្រាសន្តិភាព និងទាមទារឱ្យដោះលែងកងទ័ព១៨នាក់ ដែលថៃបានចាប់ខ្លួន យកទៅដោយខុសច្បាប់ក្រោយពីមានបទឈប់បាញ់។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបានដឹកនាំក្បួនដង្ហែធម្មយាត្រា បានថ្លែងឱ្យដឹងថា ការជួបជុំគ្នាធ្វើធម្មយាត្រានៅថ្ងៃនេះបានបង្ហាញឲ្យឃើញនូវស្មារតីស្នេហាជាតិ សាមគ្គី ឯកភាពជាតិរបស់បងប្អូនប្រជាពលរដ្ឋមហាគ្រួសារអ្នកខេត្តតាកែវទាំងអស់ជាពិសេស គឺសបង្ហាញឱ្យឃើញពីស្មារតីជាតិនិយមពីសមរភូមិក្រោយ ក្នុងន័យផ្តល់កម្លាំងចិត្តនិងជំនឿជឿជាក់ឥតងាករេ លើរាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្តតាកែវ បានលើកឡើងបន្ថែមថា ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋខេត្តតាកែវទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការដោះស្រាយ បញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការលើកយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង តំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ។ ការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធីបានធ្វើឡើងដើម្បីបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ គឺស្រឡាញ់សន្តិភាព, ចង់ឃើញប្រទេសអភិវឌ្ឍរីកចម្រើន គឺមិនត្រូវការសង្គ្រាមឡើយ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរដល់ វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារបូរណភាពទឹក ដីឱ្យបានគង់វង្ស និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប្រធាធិបតីអាមេរិក ដូរ ណាល់ត្រាំ ដែលបានផ្តួចផ្តើម និងជំរុញឱ្យមានបទឈប់បាញ់ ជាពិសេស លោក បានអំពាវនាវឱ្យមានដោះលែងកងទ័ពខ្មែរទាំង ១៨រូបដែលសៀមចាប់យកទៅ ដោយគ្មានល័ក្ខខ័ណ្ឌ៕