រថយន្តខ្នាតយក្ស៣គ្រឿង ដឹកអង្ករដំណើបជាង៨០តោន ដែលបើកចេញតាមច្រកកំពង់ស្រឡៅជាប់ឡាវ សង្ស័យគ្មានច្បាប់អនុញ្ញាត​ ត្រូវ​កម្លាំងនគរបាលខេត្តកំពង់ធំឃាត់

ចែករំលែក៖

ខេត្ត​កំពង់ធំ៖ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាប​ និងឃាត់រថយន្តខ្នាតយក្សចំនួន៣គ្រឿង កាលពីវេលាម៉ោង ១៨៖៣០នាទីយប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយត្រូវសង្ស័យថា ជារថយន្តដឹកអង្ករដំណើបនាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ។

ក្នុងប្រតិបត្តិការនោះ​ ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត ក្រោមការសម្របសម្រួលនិតិវិធីច្បាប់ដោយលោក រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត

ជាក់ស្ដែង​នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ​ កម្លាំងសមត្ថកិច្ច​ជំនាញ​ខេត្ត​កំពង់​ធំ​ បានឱ្យដឹងថា អង្ករដំណើបចំនួន ១.៦០០បេ ស្មើនឹង ៨០តោន ដែលធ្វើចរាចរណ៍ដឹកជញ្ជូនដោយរថយន្តទាំង៣ គ្រឿងគឺជាទំនិញដែល មានប្រភពនាំចូលពីប្រទេសឡាវ តាមរយៈផ្លូវទឹកដោយប្រើទូកជាមធ្យោបាយដឹកជញ្ជូនឆ្លងដែនចេញពីចំណុចភូមិមឹងសែន ប្រទេសឡាវ យកមកដាក់នៅចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីសាងដាក់រថយន្តធំ ហើយបន្តយកទៅចែកចាយច្រើនកន្លែងក្នុងប្រទេស

ចំណែកឯកសារបញ្ជាក់ការបង់ពន្ធនាំចូលពីសាខាគយខេត្តព្រះវិហារ គឺបង់ពន្ធទៅលើមធ្យោបាយដឹកជញ្ជូនតាមទូក ដោយមានចំនួនតែ២ទូក ស្មើនឹង១.៣០០គីឡូក្រាមតែប៉ុណ្ណោះ។ 

សមត្ថកិច្ចបញ្ជាក់ថា នៅចំណុចភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក វេលាម៉ោង ១៨៖៤០នាទី បានត្រួតពិនិត្យរថយន្តមួយគ្រឿងម៉ាកហីយ៉ាន់ដាយពណ៌ ស-ខៀវ មានស្លាកលេខកំពង់ចាម 3A-6629 ស្លាកលេខរឺម៉ក 4A-0741 ដឹកអង្ករដំណើបចំនួន៥៦០បេ ស្មើនឹង ២៨តោន។

នៅចំណុចភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ត្រង់ផ្លូវបំបែកខេត្តព្រះវិហារ-សៀមរាប នៅម៉ោង ២២៖២០នាទី កម្លាំងសមត្ថកិច្ច បានឃាត់រថយន្តពីរគ្រឿងបន្ថែមទៀតដោយរថយន្តម៉ាកវេអងពណ៌ស- ខៀវ ស្លាកលេខ 3B-2317 កំពង់ចាម ស្លាកលេខរឺម៉ក 4A-2058 កំពង់ចាម ដឹកអង្ករស្រូវដំណើប៥២០បេ ស្មើនឹង ២៦តោន។

រថយន្តវេអង ស្លាកលេខ 3B-1929 កំពង់ចាម និងមានរឺម៉ក ដឹកអង្ករដំណើបចំនួន ៥២បេ ស្មើនឹង ២៦តោន។ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងបានកសាងនីតិវិធីបញ្ជូនទៅតុលាការ ចាត់ការបន្តទៀត។

ជុំវិញការចុះបង្ក្រាបខាងលើ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់បទបញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រូវពង្រឹងទៅលើសមត្ថភាពជំនាញរបស់ខ្លួន ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print