ខេត្តកណ្ដាល៖ ទីតាំងរោងចក្រសម្ងួតថ្នាំជក់ ដែលអ្នកភូមិខ្លះថាជាកន្លែងផលិតបារីទ្រង់ទ្រាយធំ១កន្លែង ស្ថិតនៅចន្លោះស្ពានលេខ៤០- ៤១ស្ថិត នៅភូមិព្រែកតាកេរ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល បានដំណើរការអស់រយៈ ពេលជិត១ឆ្នាំមកហើយ កំពុងបង្កហានិភ័យប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅជិតខាងតំបន់នោះយ៉ាងខ្លាំង។
បើតាមមេឃុំកោះធំខ លោក ចាប ស៊បាក់ បានអ្នកសារព័ត៍មានឱ្យដឹងនៅសាលាឃុំនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៥នេះថា ទីតាំងកែច្នៃសម្ងួតសន្លឹកថ្នាំជក់នេះមានលិខិត អនុញ្ញាតត្រឹមត្រូវហើយក៏មានបញ្ហាក្លិនដែលធ្វើ ឲ្យប្រជាពលរដ្ឋនៅក្បែរខាងមានប្រតិកម្ម។ តែអាជ្ញាធរនិងស្ថាប័នជំនាញ បានចុះទៅសម្របសម្រួលដោះស្រាយច្រើន លើកច្រើនសារមកហើយ ។ លើកនេះទៀតអាជ្ញាធរនិងសហការជាមួយស្ថាប័នជំនាញដើម្បីចូលទៅពិនិត្យមើលនិងដោះស្រាយផលប៉ះពាល់បន្ថែម។
ប្រជាពលរដ្ឋនៅជិតខាងទីតាំងសម្ងួតថ្នាំជក់ខាងលើបាននិយាយថា បញ្ហាក្លិនបានបង្កឲ្យប្រជាពលរដ្ឋជួប ប្រទះនឹងការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។ ជាពិសេសនៅពេលយប់ក្លិនថ្នាំបារីជ្រះខ្លាំងណាស់ពិបាកដកដង្ហើមហើយក៏មានប្រជាពលរដ្ឋភាគច្រើនដែលនៅជិតខាងនោះមិនសប្បាយចិត្ត។
សូមជម្រាបជូនថា ទាំងលោក ចាប ស៊បាក់ មេឃុំ ក៏ដូចជាលោក ខែម សុជាតិស្មៀនឃុំកោះធំខ បានលើកឡើងស្រដៀងគ្នាថា ខាងមន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធបានចុះទៅពិនិត្យមើលទីតាំងសម្ងួតសរសៃថ្នាំជក់នោះឃើញថាមានបញ្ហាក្លិន។ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយស្ថាប័នជំនាញបានណែនាំនិងកែសម្រួលបច្ចេកទេសមួយចំនួនរួចហើយ។ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជានៅតែមានបញ្ហាក្លិននេះបន្តទៀត។ យ៉ាងណាក៏ដោយអាជ្ញាធរនិងស្នើឲ្យមានការត្រួតពិនិត្យដើម្បីកាត់បន្ថយឬលុបបំបាត់ក្លិនទាំងស្រុង។
ពាក់ព័ន្ធបញ្ហានេះដែរ អង្គភាពយើង ព្យាយាមទំនាក់ទំនងទៅតំណាងក្រុមហ៊ុនសរសៃថ្នាំជក់ខាងលើនេះដែរ ប៉ុន្តែមិនទទួលបានចម្លើយនោះទេ ដោយអះអាងថាជាប់រវល់និងនៅឆ្ងាយ៕តារា