អ្នកនាំពាក្យក្រសួងការពារជាតិ​៖​ កម្ពុជានៅតែរក្សាជំហរដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមការបញ្ជាក់របស់​លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែង​ថា​ ប្រទេសកម្ពុជាបានប្រកាសជំហរជាថ្មីថានៅតែគោរពបទឈប់បាញ់និងអនុវត្តការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់​នៅរសៀល​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះថា៖ ជាថ្មីម្ដងទៀតកម្ពុជានៅតែប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិដែលមានជាធរមាននិងព្រមទាំងធម្មនុញ្ញអាស៊ាន។

ជាមួយគ្នានេះ​ លោកស្រី​អ្នកនាំពាក្យ​ បានអះអាងថា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងកម្ពុជានៅតែត្រៀមនិងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

បន្ថែមពីនេះ​ លោកស្រីអ្នកនាំពាក្យ​ ក៏បានបន្តអំពាវនាវដល់ភាគីថៃត្រូវតែគោរពបទឈប់បាញ់ដែលមានជាធរមាន ព្រមទាំងស្មារតីនិងការឯកភាពនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មការទូទៅព្រំដែនកម្ពុជា-ថៃ(GBC)នៅប្រទេសម៉ាឡេស៊ីកាលពីពេលកន្លងមក និងកិច្ចប្រជុំគណៈកម្មការព្រំដែនភូមិភាគ កម្ពុជា -ថៃ (RBC)កន្លងមកដោយភាគីទាំងពីរឯកភាពក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីជៀសវាងការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែន ។ 

លោកស្រី​អ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា​ គិតមកត្រឹមថ្ងៃទី១ កញ្ញាឆ្នាំ២០២៥នេះ ទាហានថៃបានចាប់ទាហានកម្ពុជាចំនួន ១៨រូប មានរយៈពេល៣៤ថ្ងៃមកហើយ បន្ទាប់ពីទាហានកម្ពុជាបានគោរពបទឈប់បាញ់ហើយទាហានថៃបានធ្វើការចាប់ខ្លួន។​ លើសពីនេះទៅទៀតទាំងរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិនៅតែបន្តទទូចឲ្យភាគីថៃឆាប់បញ្ជូនទាហានកម្ពុជាទាំង១៨ រូបមកឲ្យកម្ពុជាវិញឲ្យបានឆាប់រហ័សដើម្បី ឱ្យពួកគេបានជួបកុំគ្រួសារដែលកំពុងតែទន្ទឹងរង់ចាំទាំងថ្ងៃទាំងយប់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print