ប្រទេសចិនរៀបចំពិធីព្យុហយាត្រានិងត្រួតពលយ៉ាងឱឡារិកនៅទីលានធានអានមេននៅទីក្រុងប៉េកាំង ដើម្បីរំលឹកខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស

ចែករំលែក៖

ចិន៖​ នៅវេលា​ម៉ោង​៩​ព្រឹកថ្ងៃទី​៣ ខែកញ្ញា ​ពិធី​រំលឹកខួប៨០​ឆ្នាំ​នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស​បាន​រៀបចំ​ឡើង​នៅ​ទីលាន​ធានអានមេន​នៅ​ទីក្រុងប៉េកាំង​ ​ដែល​​មាន​ពិធី​ព្យុហយាត្រា​និង​ត្រួតពល​ដ៏​ឱឡារិក។​

លោក​ Xi Jinping​ អគ្គលេខាធិការ​នៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ ​ប្រធានរដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ថ្លែងសុន្ទរកថា​គន្លឹះ​និង​អញ្ជើញ​ត្រួតពល​។​ ពិធី​លើកនេះ​ធ្វើ​ក្រោម​ប្រធានបទ​ “​ចងចាំ​ពី​ប្រវត្តិសាស្ត្រ​ ​រំលឹក​វិញ្ញានក្ខន្ធ​វីរជន​ពលីជីវិត​​ ថែរក្សា​សន្តិភាព​ និង​ត្រួសត្រាយ​អនាគត​”​។

តបតាម​ការ​អញ្ជើញ​របស់​លោក​ Xi Jinping​ ប្រធានរដ្ឋ​ចិន​ ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល​នៃ​​ប្រទេស​​២៦​បាន​អញ្ជើញចូលរួម​ពិធី​នេះ​។​ តបតាម​ការ​អញ្ជើញ​នៃ​រដ្ឋាភិបាល​ចិន​ ​ប្រធានសភា ​ឧបនាយករដ្ឋមន្ត្រី​ និង​​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​មួយចំនួន​ ​អ្នក​ទទួលខុសត្រូវ​នៃអង្គការ​អន្តរជាតិ​ និង​អតីត​អ្នកនយោបាយ​សំខាន់​ៗ​បាន​អញ្ជើញ​ចូលរួម​ពិធី​នេះ​។​ ក្រៅពីនេះ ​ឯអគ្គរដ្ឋ/រាជ​ទូត​​បរទេស​ប្រចាំ​នៅ​ប្រទេស​ចិន​ ​អនុព័ន្ធយោធា​និងតំណាង​អង្គការ​អន្តរជាតិ​ប្រចាំនៅ​ប្រទេសចិន ​ព្រមទាំងមិត្តបរទេស​សមាជិក​គ្រួសារ​ដែល​នៅរស់រានមាន​ជីវិត​ចំនួន​៥០​រូប​មក​ពី​ប្រទេសចំនួន១៤​ រួមមានរុស្ស៊ី សហរដ្ឋអាមេរិក ​អង់គ្លេស ​បារាំង​និងកាណាដា​ជាដើម​ត្រូវបានអញ្ជើញចូលរួម។

​កាលពី៨០​ឆ្នាំមុន បន្ទាប់ពី​ការ​តស៊ូ​ប្រយុទ្ធ​ដ៏លំបាក​និង​បង្ហូរឈាម​អស់​រយៈពេល​១៤​ឆ្នាំ​ ​ប្រជាជាតិ​ចិនបាន​ទទួល​ជ័យជម្នះដ៏អស្ចារ្យ​ក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ​និង​ប្រកាស​ពី​ជ័យជម្នះទាំងស្រុង​ក្នុង​​សង្គ្រាមពិភពលោក​​ប្រឆាំង​នឹង​ហ្វាស៊ីស​។​ សង្រ្គាម​ប្រជាជន​ចិន​ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន​បានចាប់ផ្តើមមុន​គេ​ ​និងមានរយៈពេលយូរ​ជាង​គេ​​បំផុត ​ហើយ​បាន​គាំទ្រ​ដល់សមរភូមិ​សំខាន់​នៅ​ទិស​បូព៌ា​​នៃសង្គ្រាម​ពិភពលោក​ប្រឆាំងហ្វាស៊ីស​​ដោយ​ការ​ពលី​ដ៏​អស្ចារ្យ​និង​បាន​រួមចំណែកជាប្រវត្តិសាស្ត្រ​ដល់​ជ័យ​ជម្នះ​នៃ​សង្គ្រាម​ពិភពលោក​ប្រឆាំង​នឹង​ហ្វាស៊ីស៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print