ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានស្នើឱ្យសមាជិកបក្សប្រជាជនសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបន្ដចុះជួបជាមួយគ្រួសារណាដែលមានជីវភាពខ្វះខាតត្រូវជួយពួកគាត់ភ្លាម ដោយមិនត្រូវទុក្ខពួកគាតចោល ស្លាប់ដោយដាច់បាយនោះទេ ។ ប្រជាពលរដ្ឋភ្នំពេញរស់នៅ របៀបស៊ីវីល័យហើយ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋានសង្កាត់ សហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យមូលដ្ឋានយើងទាំង មូលមានសុវត្ថភាព គ្មានសំរាម និងមានបរិស្ថានស្អាត ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភាពបរិសុទ្ធ ។
លោក ឃួង ស្រេង បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណៈកម្មាធិ ការគណបក្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយចប់ម៉ោងរដ្ឋបាល នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ចង់ឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាព មានបរិស្ថានស្អាត យើង មិនអាចធ្វើតែឯងបានទេ ដាច់ខាត់ត្រូវតែមានការចូលរួមទាំងអស់គ្នា ពិសេសការចូលរួមពីប្រជាពលរដ្ឋ យើងមានក្រុមហ៊ុន ដឹកសំរាមចំនួន៣ហើយ ដូច្នេះទីណាមានសំរាម សូមរាយការណ៍ មកភ្នាក់ងារអ្នកដឹកជញ្ជូនសំរាមគេនឹងទៅដឹកជញ្ជូនភ្លាម ។ យុវជនជំនន់មុនបានលះបង់ច្រើនណាស់ ដើម្បីជាតិមាតុភូមិនិងប្រជាពលរដ្ឋកម្ពុជា ដោយបានយក ជីវិតធ្វើជាដើមទុន នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបាន រំដោះប្រទេសជាតិចេញពីរបបប៉ុលពត និងបានធ្វើឱ្យប្រទេសជាតិដ៏កំសត់មួយនេះ មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ។
លោក ឃួង ស្រេង បានបន្តថា សមាជិក សមាជិការបស់យើង ជាឃោសនិកដ៏ឧត្ថុងឧត្ដមរបស់គណបក្សប្រ ជាជនកម្ពុជា ដូច្នេះត្រូវយកគោលនយោបាយរបស់បក្ស និងអំពើល្អៗរបស់មេដឹកនាំបក្សរបស់យើង ទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រោតជ្រាបកាន់តែច្បាស់និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត។
លោក ឃួង ស្រេង បានបន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុច ខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
លោក ឃួង ស្រេង បានសម្រេចធ្វើការកសាងផ្លូវបេតុងមួយខ្សែជូនប្រពលរដ្ឋរស់នៅក្នុងភូមិ២សង្កាត់ស្រះចកទៀត តាមសំណូមពរប្រជាពលរដ្ឋ ផងដែរ ។
លោកស្រី ប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ ស្រះចក ក៏បានឱ្យដឹងថា៖ សង្កាត់ស្រះចក មានផ្ទៃដីទំហំ ៣២០១ហិចតា ដែលផ្ទៃដីនេះស្មើនិង១ភាគ៣នៃខណ្ឌទាំងមូល មាន២៤ភូមិ ។ សង្កាត់នៅមានសកម្មភាព ក្មេងទំនើង ក្មេងបង្ហោះម៉ូតូ គ្រឿងញៀនតិចតួច តែសកម្មភាពទាំងនេះ គឺសុទ្ធតែកម្លាំងយើងបង្ក្រាបបាន។ មានគម្រោងអភិវឌ្ឍសង្កាត់ ដើម្បីប្រយោជន៍សាធារណៈ។ បានផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយ ទាំងសំបុត្រកំណើត សៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានល្អនិងទាន់ពេល ។ ចំណែកការងារសង្គម យើងបានផ្តល់ជូនប្រជាពលរដ្ឋក្រីក្របានទាន់ពេលវេលា រហូតទទួលបានចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេសចំពោះសេវាសង្គមនេះ ។សមាជិកបក្យសង្កាត់តែងតែរចុះសំណេះសំណាលនិងជួយប្រជាពលរដ្ឋ នៅតាមភូមិជាប់ជាប្រចាំ។ មានសាមគ្គីភាពផ្ទៃក្នុងល្អ យើងបានពង្រឹងកម្លាំងទាំងប្រជាការពារនិងប៉ូលីស ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ពោល បើមានបញ្ហាអ្វីមួយ យើងអន្តរាគមន៍ជួយពួកគាត់ភ្លាមៗតែម្តង។ បានពង្រឹងរចនាសម្ព័ន្ធបក្សបានរឹងមាំ ខិតខំរកមូលនិធិនិងចំណូលដើម្បីជួយពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសកម្មជនតាមភូមិ ដើម្បីយកព័ត៌មានពីក្រោមច្បាស់លាស់ អាចវាយបកវិញបានទាន់ពេល៕. ដោយ៖ សំរិត