អំឡុងបំពេញទស្សនៈកិច្ចផ្លូវរដ្ឋ ប្រធានាធិបតីហ្វីលីពីន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា «ព្រះបរមរតនកោដ្ឋ»

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រីទី១ ឡូវីស អារ៉ានេតា ម៉ាកូស (First Lady Louise Araneta-Marcos) នៅព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបព្រះបរមរូបខាងកើតវិមានឯករាជ្យ។

ប្រធានាធិបតីហ្វីលីពីន បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជាហើយនៅរសៀលថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៣ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ ឡូវីស អារ៉ានេតា ម៉ាកូស (First Lady Louise Araneta-Marcos) ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ក្នុងនោះក៏មានការអញ្ជើញអមដំណើរ និងទទួលបដិសណ្ឋារកិច្ចពី លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកមុខអ្នកការជាច្រើនរូបទៀត។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។

លោកប្រធានាធិបតី និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាចំណាប់ អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ហ្វីលីពីននាពេលនេះ នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនប្រទេសទាំងពីរ។

តមក ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រីទី១ ឡូវីស អារ៉ានេតា ម៉ាកូស (First Lady Louise Araneta-Marcos) បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ក្នុងនោះក៏មានការអញ្ជើញអមដំណើរ និងទទួលបដិសណ្ឋារកិច្ចពី ឯកឧត្តម ឈា ហន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកមុខអ្នកការជាច្រើនរូបទៀត។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីនផងដែរ។ ដំណើរទស្សនកិច្ចនាពេលនោះ ថ្នាក់ដឹកនាំកម្ពុជា និងហ្វីលីពីន បានប្រកាសលើកកម្ពស់ទំនាក់ទំនិង និងកិច្ចសហប្រតិបត្តិការលើវិស័យនានាឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រីទី១ គ្រោងនឹងចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការចំនួន៨ផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print