សារព័ត៌មាន AFP បានផ្សាយថា ក្រោយការសម្រេចរបស់តុលាការសម្រេចដាក់គុកលោកថាក់ស៊ីនមួយឆ្នាំ នៅពេលនេះមន្ត្រីពន្ធនាគារនៅថ្ងៃអង្គារ ទី៩ ខែកញ្ញា បាននាំខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ទៅដល់ពន្ធនាគារក្នុងទីក្រុងបាងកកហើយ បន្ទាប់ពីតុលាការកំពូលចេញសាលក្រមឱ្យរូបលោកអនុវត្តទោសជាប់ពន្ធនាគារ១ឆ្នាំឡើងវិញ។
តុលាការកំពូលថៃ នៅថ្ងៃអង្គារនេះបានបង្គាប់ឱ្យមន្ត្រីពន្ធនាគារនាំខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដើម្បីអនុវត្តទោសជាប់ឃុំរយៈពេល១ឆ្នាំជាបន្ទាន់ បន្ទាប់ពី ចេញសាលក្រមសម្រេចថាការអនុវត្តទោសជាប់ឃុំក្នុងមន្ទីរពេទ្យរបស់លោកកាលពីឆ្នាំ២០២៣មិនត្រឹមត្រូវតាមផ្លូវច្បាប់។ តុលាការបានសម្រេចថាការសម្រាកព្យាបាលរបស់លោក Thaksin ក្នុងមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។ ក្នុងសាលក្រមរបស់ខ្លួន តុលាការកំពូលថៃបានសម្រេចដូច្នេះថា «ការបញ្ជូនរូបលោក (លោក Thaksin) ទៅកាន់មន្ទីរពេទ្យមិនត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជនជាប់ចោទបានដឹងយ៉ាងច្បាស់ថាសុខភាពខ្លួនឯងមិនមែនជាបញ្ហាបន្ទាន់នោះទេ ដូច្នេះការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារឡើយ»។
គួរបញ្ជាក់ថា លោក Thaksin បានធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់រយៈពេល១៥ឆ្នាំ។ ពេលត្រឡប់មកដល់ថៃ លោកត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធគារ៨ឆ្នាំពីបទជម្លោះផលប្រយោជន៍ និងរំលោភអំណាច ហើយទោសនេះត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយមនៅត្រឹម១ឆ្នាំ។ ប៉ុន្តែលោកបានចូលក្នុងពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលំដាប់ VIP មួយក្នុងទីក្រុងបាងកកក្រោមហេតុផលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោក Thaksin បានដេកសម្រាកព្យាបាលដល់ទៅ៦ខែ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕ ដោយធីរីណា
រូបថត:NLDO