ភ្នំពេញ ៖ នាថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមសន្និសីទសាមគ្គីភាពសង្គមស៊ីវិលអន្តរជាតិលើកទី២ ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ក្រោមមូលបទ៖ «ការប្រមូលកុងសង់ស៊ីស សម្រាប់ការអភិវឌ្ឍប្រកបដោយឱកាសរួម៖ ការកសាងអនាគតប្រកបដោយវិបុលភាពជាមួយគ្នា» ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង
ហូហូតតំបន់ស្វយ័ត Inner Mongolia សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងពេលបំពេញទស្សនកិច្ច លោកអនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Xiao Jie អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេស និងជាប្រធានបណ្ដាញអង្គការក្រៅរដ្ឋាភិបាលរបស់ចិន សម្រាប់ការផ្លាស់ប្ដូរអន្តរជាតិ (CNIE)។
នាឱកាសនោះ លោកអនុប្រធានទី១ព្រឹទ្ធសភា បានកោតសរសើរតួនាទីរបស់ CNIE នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិលចិន និងអង្គការសង្គមស៊ីវិលអន្តរជាតិ ។
ចំពោះទំនាក់ទំនងទ្វេភាគី លោកអនុប្រធានទី១ព្រឹទ្ធសភា បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តី នៅក្នុងការពង្រឹងមិត្តភាពកិច្ចសហការយ៉ាងស៊ីជម្រៅ ការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ភាពជាដៃគូពិត, ភាពរឹងមាំនៃមិត្តភាពដែកថែប ឆ្ពោះទៅកសាងសហគមន៍កម្ពុជា-ចិនជាមួយនឹងអនាគតរួមគ្នា ដោយឈរលើមូលដ្ឋានសាមគ្គីភាព ភាពធន់ ទំនុកចិត្ត និងមិត្តភាពយូរអង្វែង។
ជាការឆ្លើយតប លោក Xiao Jie បានថ្លែងអំណរគុណ លោកអនុប្រធានទី១ព្រឹទ្ធសភា ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទនេះ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងស្ថាប័នកំពូលកម្ពុជា ក្នុងការបន្តពូនជ្រំទំនាក់ទំនងកម្ពុជា-ចិន។
នៅក្នុងឱកាសដាច់ដោយឡែកមួយទៀត លោកអនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញពិសាអាហារថ្ងៃត្រង់ដែលរៀបចំដោយឯកឧត្តម Huang Zhiqiang សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណៈកម្មាធិការតំបន់ស្វយ័ត Inner Mongolia នៃបក្សកុម្មុយនីស្តចិន និងជាអនុប្រធានប្រតិបត្តិនៃតំបន់ស្វយ័ត Inner Mongolia និង លោក Yang Jin អនុប្រធានតំបន់ស្វយ័ត Inner Mongolia។
ក្នុងបរិយាកាសប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលបំផុត លោកអនុប្រធានទី១ព្រឹទ្ធសភា បានសម្ដែងក្ដីសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះលោក Huang Zhiqiang និង លោក Yang Jin សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំពិធីពិសាអាហារថ្ងៃត្រង់ដ៏មានអត្ថន័យនេះ។ ការជួបជុំពិសាថ្ងៃត្រង់នេះ ក៏ជាឱកាសសម្រាប់ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និយាយជារួម និងរវាងកម្ពុជា និងតំបន់ស្វយ័តម៉ុងហ្គោលីនិយាយដោយឡែក។
ក្នុងថ្ងៃដដែល លោកអនុប្រធានទី១ព្រឹទ្ធសភា ក៏បានអញ្ជើញទស្សនារោងចក្រផលិតទឹកដោះគោយីលី ដែលជារោងចក្រផលិតទឹកដោះគោដ៏ធំជាងគេនៅក្នុងប្រទេសចិន ជាប់លំដាប់ថ្នាក់ទី១ក្នុងពិភពលោកដែលមានសមត្ថភាពអាចផលិតទឹកដោះគោស្រស់ប្រមាណ ៦.៥០០ តោនក្នុងមួយថ្ងៃ។
នៅល្ងាចថ្ងៃដដែល លោកអនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញទស្សនាការតាំងពិព័រណ៍មរតកវប្បធម៌នៃតំបន់ស្វយ័ត Inner Mongolia ព្រមទាំងចូលរួមពិធីជប់លៀងស្វាគមន៍រៀបចំដោយថ្នាក់ដឹកនាំតំបន់ស្វយ័ត Inner Mongolia៕
ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ