ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យ បានជ្រាបថា៖ ឈ្មោះ ភាព ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកសារព័ត៌មានអង្គភាពធីអេសភី៦៨ធីវីអនឡាញ និងឈ្មោះ ផន សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ TV Online ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន ដោយជាប់សង្ស័យទាក់ទងទៅនឹងការប្រមូលព័ត៌មាន និងការថតរូប នៅក្នុងតំបន់ហាមឃាត់ របស់យោធានៅសមរភូមិ ដែលព័ត៌មានទាំងអស់នេះអាចធ្វើឱ្យប៉ះពាល់ដល់ការការពារជាតិ។
ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង អយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើឈ្មោះ ភាព ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ ផន សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ ទាក់ទងនឹង ការប្រមូលព័ត៌មាន ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ ប្រព្រឹត្តនៅក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ រហូត ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ១១៤០ អយឈ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្ត តាមនីតិវិធី។
អ្នកនាំពាក្យសូមបញ្ជាក់ជូនថា៖ សំណុំរឿងនេះពុំទាន់ត្រូវបានជំនុំជម្រះនៅឡើយទេ ហើយបច្ចុប្បន្ន កំពុងស្ថិតនៅដំណាក់កាលស៊ើបសួរ ដោយចៅក្រមស៊ើបសួរកំពុងស៊ើបអង្កេត ស្វែងរកព័ត៌មាន និងស្រាវជ្រាវ ភស្តុតាងក្នុងសំណុំរឿងនេះ។ បន្ទាប់ពីការស៊ើបសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរនឹងសម្រេចថា តើជនត្រូវចោទ ពិតជាបានប្រព្រឹត្ត ឬមិនបានប្រព្រឹត្តដូចបទចោទប្រកាន់។
អ្នកនាំពាក្យនឹងជូនព័ត៌មានបន្ថែមទៀត នៅពេលចៅក្រមស៊ើបសួរបានសម្រេចបិទការស៊ើបសួរករណីនេះ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា