ភ្នំពេញ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងដែលបើកបរដោយបុរសជនជាតិចិន និងធ្វើដំណើរក្នុងល្បឿលឿន ខណៈដល់ផ្លូវរង្វង់មូលមិនបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងបណ្តាលឲ្យខូចខាតរថយន្តទាំងសងខាង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង៤០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសីុសុវត្ថិកែងនិងផ្លូវព្រះសូរាម្រិត ក្បែររង្វង់មូលសម្តេចជួនណាត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AH-7132 បើកបរដោយបុរសជនជាតិចិនម្នាក់មិនស្គាល់អត្តសញ្ញាណ ចំណែករថយន្តរងគ្រោះម៉ាក តូយូតាព្រូសពណ៌ខ្មៅ ពាក់ស្លាកលេខ 2W-8167 បើកបរដោយបុរសជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណ ។
តាមសាក្សីដែលបានឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកក្នុងល្បឿនលឿនតាមបណ្តោយផ្លូវព្រះសូរាម្រិត ក្នុងទិសដៅពីកើតទៅលិច ពេលបើកមកដល់រង្វង់មូលសម្តេចជូនណាតរថយន្តបង្កមិនបានបន្ថយល្បឿនទេ ក៏ជ្រុលទៅបុករថយន្តរងគ្រោះចំពាក់កណ្តាលខាងស្តាំធ្វើឲ្យរថយន្តវិល២ជុំ ដែលរថយន្តរងគ្រោះធ្វើដំណើរតាមផ្លូវរង្វង់មូលក្នុងទិសដៅពីត្បូងទៅជើង ។ ប្រភពដដែលបានបន្តទៀតថា តាមច្បាប់ចរាចរណ៍ផ្លូវគោក គឺផ្លូវក្នុងរង្វង់មូលមានអតិភាព បើយើងបើកទៅបុកគេក្នុងរង្វង់មូលគឺខុសទាំងស្រុង នេះសំណាងហើយដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយពួកគេទាំង២សុខចិត្តយករថយន្តទៅជួសជុលរាងៗខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...