ក្នុងរយៈពេល៨ខែ!​ កម្ពុជានាំចេញចេកស្រស់ជាង ២១ម៉ឺនតោន កើនឡើង​២៧% ក្នុងនោះ​ទីផ្សារចិនស្រូបយកជាង ៩៥%

ចែករំលែក៖

ភ្នំពេញ៖ ការនាំចេញចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ​ សម្រេចបានជាង២១ម៉ឺន កើនឡើង២៧.៧០% ក្នុងនោះប្រមាណ៩៥% ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន​​​ ដែលបង្ហាញថា ប្រទេសចិនគឺជាគោលដៅ និងទីផ្សារនាំចេញផ្លែចេកស្រស់ធំជាងគេរបស់កម្ពុជា។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា រយៈពេល៨ខែឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួ​ន ២១០ ៨០៦.៣០តោន កើនឡើង២៧.៧០%។ រីឯការនាំចេញចេកក្នុងរយៈពេល ១ខែសីហា មានចំនួន ៣៦ ៥៧៣តោន។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខលឈ័រ ដែលជាក្រុមហ៊ុននាំចេញចេកស្រស់ទៅទីផ្សារប្រទេសចិន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការនាំចេញចេកកើនឡើងនេះដោយតម្រូវការខ្ពស់ ស្របពេលដែលទិន្នផលប្រសើរជាងឆ្នាំមុន។ ជាមួយគ្នានេះ ម្ចាស់ចម្ការមួយចំនួន ក៏ពង្រីកផ្ទៃដីដាំដុះកើនឡើងជាងឆ្នាំមុនផងដែរ។

​អ្នកឧកញ៉ាបានលើកឡើងថា ចេកស្រស់ភាគច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយមានចំណែករហូត ៩៥%។

អ្នកឧកញ៉ាបានឱ្យដឹងថា សម្រាប់ចេកស្រស់ គឺទីផ្សារចិនស្រូបយកគ្មានការកំណត់ទេ។ ប៉ុន្តែយ៉ាងនេះក្តីឆ្នាំខ្លះដោយកត្តាអាកាសធាតុ បានធ្វើឱ្យទិន្នផលថយចុះ ជាហេតុនាំឱ្យការនាំចេញថយចុះផងដែរ។

កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន២៦ម៉ឺនតោន ក្នុងនោះ ២៥ម៉ឺនតោន ស្មើនឹង៩៥% ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែល៥%ផ្សេងទៀត ទៅកាន់ប្រទេសវៀតណាម កូរ៉េខាងត្បូង និងម៉ាឡេស៊ី។

​កម្ពុជាមានផ្ទៃដីដាំចេកអំបូងលឿងចំនួន ២១ពាន់ហិកតា និងផ្ទៃដីប្រមូលផលចំនួន ១៥ពាន់ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ៤០ម៉ឺនតោន ជាមួយនឹងទិន្នផលជាមធ្យម ២៥តោន/ហិកតា។ បច្ចុប្បន្នចម្ការចេកចំនួន២៤ និងទីតាំងវេចខ្ចប់ផ្លែចេកស្រស់ចំនួន៣៦ ត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការ សម្រាប់ការនាំចេញផ្លែចេកស្រស់ទៅកាន់ ប្រទេសចិន​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print