ភ្នំពេញ ៖ បញ្ញវន្តនៅកម្ពុជាបានបង្ហាញពីមោទនភាព និងវាយតម្លៃខ្ពស់ ពេលដែលឃើញ មានភ្ញៀវទេសចរចិន បានធ្វើដំណើរ តាមជើងហោះហើរដំបូងគេ បន្ទាប់ពីមានការបើកជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្មីៗនេះ។
បើតាម ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក Wang Wenbin បានលើកឡើង នៅថ្ងៃទី៩ ខែកញ្ញា ដោយបង្ហាញអំពីទិដ្ឋភាពខ្លះៗ នៅថ្ងៃបើកដំណើរការព្រលាន្តយន្តដ៏ធំមួយនេះ ថា «ភ្ញៀវទេសចរចិនដែលធ្វើដំណើរតាមជើងហោះហើរលើកដំបូងបន្ទាប់ពីការបើកជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តម ជឿជាក់ថា ការបើកដំណើរការ និងតាមរយ: “ឆ្នាំទេសចរណ៍ចិន-កម្ពុជា” នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិន មកកម្ពុជាកើនឡើងខ្ពស់ សារជាថ្មីម្ដងទៀត»។
ជុំវិញរឿងនេះ លោក ប៉ាង រតនា មន្ត្រីស្រាវជ្រាវ នៃ វិទ្យាស្ថានសិក្សាចិន រាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ថា លោកពិតជាមានមោទនភាពណាស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលសម្រេចបាន ក្នុងអាណត្តិ រាជរដ្ឋាភិបាល ថ្មីនេះ។
«ការទទួលជើងហោះហើរអន្តរជាតិដំបូងពី ប្រទេសចិន គឺជាការបង្ហាញពីភាពកាន់តែរីកចម្រើន របស់ប្រទេសកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ និងពាណិជ្ជកម្មដ៏សំខាន់ របស់ចិន នៅក្នុងតំបន់ ក៏ជាការបង្ហាញពីភាពជឿជាក់ដ៏ខ្ពស់របស់ចិន លើកម្ពុជា ផងដែរ។ សម្រាប់ខ្ញុំ នេះជានិមិត្តរូបប្រវត្តិសាស្រ្ត នៃការចងចាំមួយ នៅក្នុងទំនាក់ទំនងដ៏ល្អ ប្រសើរបំផុត រវាងចិននិងកម្ពុជា នាពេលបច្ចុប្បន្ន និង ទៅអនាគត»។
លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ដែរថា «…នាងខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះចិនក្លាយជាជនជាតិដំបូងគេ នេះគឺជាការតភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក ដើម្បីជំរុញទាំង សេដ្ឋកិច្ច និងទេសចរណ៍ ហើយ ចិនគឺជាប្រទេសមានប្រជាជនដ៏ច្រើន ជាកត្តាចូលរួមចំណែកសំខាន់ ជាពិសេស សម្រេចគោលដៅ កម្ពុជា ក្លាយជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០ ហើយ ក៏ចំពេលពេលនៃ ឆ្នាំទេសចរណ៍ កម្ពុជា និង ចិន…»៕
ប្រភព ៖ (CCRF)