ខេត្តសៀមរាប÷ សេចក្ដីរាយការណ៍ នៅវេលាម៉ោង១៩ និង០៩នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ មានករណីបាត់ម៉ូតូ Honda Dream C125 មួយគ្រឿង ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AG-8689 ត្រង់ចំណុចខាង កើតរង្វង់មូលព្រៃគុយ ស្ថិតក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ភ្លាម ៗនោះសមត្ថកិច្ចនគរបាលខេត្តសៀមរាបក្រោមការយកចិត្តទុកដាក់ជាប្រចាំ របស់លោក ប្រាក់ សោភ័ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោស្នងការ ហួត សុធី លោកឧត្ដម សេនីយ៍ត្រី អ៊ុំ ចំរើនស្នងការរងទទួលដឹកនាំការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បានចុះដឹកនាំផ្ទាល់ជាមួយ លោកវរសេនីយ៍ ឯក លឹម សម្បត្តិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បញ្ជាកម្លាំងនគរបាលស្រុកនេះ ចុះស្រាវជ្រាវស្វែងរកម៉ូតូដែលបាត់នោះ ឃើញវិញនៅក្នុងផ្ទះនៃដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយប្រើពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ ពោលគឺរកឃើញនៅវេលាម៉ោង ២១ និង ០០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
តាមការបញ្ជាក់របស់សមត្ថកិច្ច ម៉ូតូនេះត្រូវបានលួចចេញ យកទៅលាក់ទុកក្នុងផ្ទះរបស់ជនសង្ស័យដែលមានទីតាំងខាងលើក៍ត្រូវសមត្ថកិច្ចរកឃើញ នាំយកម៉ូតូ និងឃាត់ខ្លួនបានជនសង្ស័យទៅបន្តនីតិវិធី៕