ខេត្តកណ្តាល÷ យុវជន ២នាក់ ដែលមានប្រវត្តិជាប់ពន្ធនាគារ និងមណ្ឌលស្តារនីតិសម្បទា ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១១ កញ្ញា ២០២៥ បន្ទាប់ពីពួកគេបន្តសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់។ ការចាប់ខ្លួននេះធ្វើឡើងនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់មានឈ្មោះ សៅ ម៉េងនាត ហៅម៉េង, វីភេទប្រុស អាយុ ២០ឆ្នាំ និងឈ្មោះ ស៊ីម កានីនហៅយួន ភេទប្រុសអាយុ ៣០ឆ្នាំ។ ពួកគេទាំងពីរនាក់មានសារធាតុញៀនក្នុងទឹកនោម (+) ហើយឈ្មោះ សៅ ម៉េងនាត ក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទជួញដូរ និងរក្សាទុកគ្រឿងញៀនកាលពីថ្ងៃទី២៨ កុម្ភៈ ២០២៣ ផងដែរ។
លោកអធិការបានបន្តថា ការចុះបង្ក្រាបនេះធ្វើឡើងក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អ តាមរយៈកម្មវិធី NoDrug។ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល បានចុះទៅដល់គោលដៅ និងធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់តែម្តង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ១កញ្ចប់តូច ទម្ងន់ ០,១៦ក្រាម, ទូរសព្ទដៃ ១គ្រឿងម៉ាក Realme ពណ៌ត្រួយចេក និងឧបករណ៍សម្រាប់ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេបានទិញគ្រឿងញៀននេះពីមុខសញ្ញាមិនស្គាល់អត្តសញ្ញាណនៅខេត្តកំពង់ស្ពឺ ក្នុងតម្លៃ ៣០.០០០រៀល ដើម្បីយកមកលក់បន្ត និងទុកប្រើប្រាស់ជាមួយគ្នា។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕