ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Charles Tan នាយកគ្រប់គ្រងតំបន់អាសុីរបស់ក្រុមហ៊ុន Etihad Airways និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីសកម្មភាពអាជីវកម្មរបស់ក្រមហ៊ុន ជាពិសេសការបើកដំណើរការជើងហោះហើរត្រង់ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួមមកកាន់រាជធានីភ្នំពេញ ព្រមទាំងស្នើសុំកិច្ចសហការគាំទ្រពីលោករដ្ឋមន្រ្តី កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កាលើការតភា្ជប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់គ្រប់គោលដៅនៃក្រុមហ៊ុន លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះ និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ដោយសម្រេចបើកការហោះហេីរត្រង់ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួមមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដែលពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើង៕