គិតចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមកពីប្រទេសបារាំងសរុបចំនួន៤៤ ដែលមានទុនវិនិយោគប្រមាណ​ ៣៨០លានដុល្លារអាម៉េរិក

ចែករំលែក៖

ភ្នំពេញ៖​ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយ លោក François Corbin ប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-បារាំងនៃសហព័ន្ធនិយោជកបារាំងអន្តរជាតិ និងជាប្រេសិតពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំងសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥​ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូដែលបានធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ដើម្បីស្វែងយល់អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ លោកបានរំលឹកឡើងវិញអំពីផ្លែផ្កានៃវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលបានរៀបចំឡើងនាឱកាសដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបារាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមករា ឆ្នាំ២០២៤ និងលទ្ធផលនៃជំនួបទ្វេភាគីរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក François Corbin ប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-បារាំងនៃសហព័ន្ធនិយោជកបារាំងអន្តរជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ បន្ថែមពីនេះ លោកក៏បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាលើគ្រប់វិស័យ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកអគ្គលេខាធិការរង​ បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងវិស័យឯកជនបារាំងដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រក្នុងដំណើរបើកទំព័រថ្មីនៃសហសម័យកម្ពុជា។ ជាក់ស្តែង គិតចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកពីប្រទេសបារាំងសរុបចំនួន៤៤ ដែលមានទុនវិនិយោគប្រមាណ៣៨០លានដុល្លារអាម៉េរិក ហើយដែលសកម្មភាពវិនិយោគទាំងនោះបានពាំនាំមកនូវបច្ចេកវិទ្យា, ការផ្ទេរនូវចំណេះដឹង ជំនាញ និងនវានុវត្តន៍, និងស្មារតីសហគ្រិនភាពដល់កម្ពុជា។ មុននឹងបញ្ចប់ លោកបានបង្ហាញសុទិដ្ឋិនិយមថា សមភាគីនឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការឈ្វេងយល់អំពីបរិយាកាសវិនិយោគ និងឧត្តមភាពប្រកួតប្រជែង ព្រមទាំងបន្តជំរុញសហគមន៍ធុរកិច្ចបារាំងឱ្យមកសិក្សាសមិទ្ធិលទ្ធភាពបណ្តាក់ទុនវិនិយោគបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ។

ជាការឆ្លើយតប លោក François Corbin បានថ្លែងអំណរគុណជូនចំពោះ​ លោកអគ្គលេខាធិការរង និងសហការីដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-បារាំងនៃសហព័ន្ធនិយោជកបារាំងអន្តរជាតិ។ លោកប្រធានបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ស្របគ្នានេះ លោកប្រធាន និងគណៈប្រតិភូអមដំណើរក៏បានយកឱកាសនៃវេទិកាដ៏មានសារៈសំខាន់នេះដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់ជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធអំពីកាលានុវត្តភាពវិនិយោគលើវិស័យអាកាសចរណ៍ស៊ីវិល, ភស្តុភារកម្ម, ថាមពល និងបោះដុំ និងលក់រាយ។ ជាកិច្ចបញ្ចប់ លោកប្រធានបានសម្តែងនូវសេចក្តីជឿជាក់យ៉ាងមុតមាំថាកម្ពុជានឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ពីការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ តាមរយៈការបង្ហាញពីកិត្តិនាម និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការនយោបាយ, សេដ្ឋកិច្ច និងសង្គម វប្បធម៌ក្នុងក្របខ័ណ្ឌពហុភាគី៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print