សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា យោធាចិនបានថ្កោលទោស ការធ្វើដំណើររបស់នាវាចម្បាំងអាមេរិកនិងអង់គ្លេស ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយបានអះអាងថា កងកម្លាំងរបស់ខ្លួនបានតាមឃ្លាំមើលសកម្មភាព និងព្រមាននាវាទាំង២គ្រឿង។
យោធាចិនបានចោទថា នាវាចម្បាំងអាមេរិក USS Higgins និងនាវាចម្បាំងអង់គ្លេស HMS Richmond បានរួមគ្នាធ្វើសកម្មភាពបង្កហេតុ ហើយវាគឺជាការបញ្ជូនសញ្ញាខុសឆ្គង ពីសំណាក់ប្រទេសទាំងពីរ ដែលអាចបំផ្លាញសុខសន្តិភាព និងស្ថិរភាពទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់។ កាលពីសប្តាហ៍មុន នាវាចម្បាំងកាណាដានិងអូស្រ្តាលី ក៏បានរួមគ្នាបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ផងដែរ។
នាវាកងទ័ពជើងទឹកអាមេរិក និងពេលខ្លះនាវាមកពីបណ្តាប្រទេសសម្ព័ន្ធមិត្ត ដូចជាកាណាដា អង់គ្លេស អូស្រ្តាលី និងបារាំង ជាដើម តែងធ្វើដំណើរឆ្លងកាត់ច្រកផ្លូវទឹកខាងលើ ដែលពួកគេអះអាងថា ជាផ្លូវទឹកអន្តរជាតិ។ រីឯតៃវ៉ាន់ ក៏ចាត់ទុកវាច្រកផ្លូវទឹកអន្តរជាតិផងដែរ។ យ៉ាងណាមិញ ចិនដែលចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយ ក៏ចាត់ទុកច្រកសមុទ្រតៃវ៉ាន់ ជាផ្នែកនៃដែនទឹកអធិបតេយ្យរបស់ខ្លួនដូចគ្នា៕
រូបថត:plo