ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ មានការភ្ញាក់ផ្អើលមួយដោយគេប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ផ្កាប់ មុខនៅក្នុងចំការមួយកន្លែង ក្នុងស្ថានភាពហើមធុំ ក្លិន ស្អុយ នៅចំណុចភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ ឡា រតនា ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរ ជាសន្តិសុខ រស់នៅភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រោយទទួលបានព័ត៌មានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅចំណុចខាងលើនេះ ដោយមានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាយ៉ាងម៉ឹងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តបាត់ដំបង កម្លាំងសមត្តកិច្ចគ្រប់ជំនាញបានចុះទៅដល់ ពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យលើសាកសព ក្រោមការសម្របសម្រួលពី ស្ថាប័នអយ្យការអមសាលា ដំបូងខេត្ត។
ទាក់ទិនករណីខាងលើនេះ សាក្សីឈ្មោះ សឹម វី ភេទស្រី អាយុ៤៨ ឆ្នាំ បានបំភ្លឺថា នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ពេលខ្លួនបាននាំកម្លាំងទៅបាញ់ថ្នាំស្រូវនៅចំការរបស់គាត់ ស្ថិតនៅភូមិកើតហេតុខាងលើ មានកម្មករចំនួន៤ នាក់ បានបាញ់ថ្នាំស្រូវ រហូតដល់វេលាម៉ោងប្រហែល១០និង២០នាទីព្រឹកនោះ ខ្លួនក៏បានដើរទៅមើលចម្ការល្ង ស្ថិតក្នុងចំការចេក។ ពេលដែលចូលទៅដល់ស្រាប់តែមានក្លិនស្អុយ គាត់ក៏បានដើររកមើលស្រាប់តែប្រទះឃើញ មនុស្សប្រុសម្នាក់ដេកស្លាប់ស្លៀកខោខ្មៅជើងវែង នឹងអាវក្រណាត់យឺតពីជាន់អាវក្រៅមានផ្ផ្លាកសញ្ញាសន្តិសុខ ដេកផ្កាប់មុខទៅនឹងដី ដោយដោយស្តាំបត់នៅខាងក្រោម។ ភ្លាមនោះគាត់បានដើរទៅជិតមើលឲ្យច្បាស់ ក៏ឃើញមានសត្វដង្កូវពេញក្បាលនិងដងខ្លួន ហើយដងខ្លួនមានសភាពហើមទើបដឹងថាស្លាប់បាត់ទៅហើយ គាត់ក៏បានស្រែកប្រាប់កម្មករឲ្យមកជួយមើល។
សក្សីម្នាក់ទៀតឈ្មោះ ឆឹម ចាន់ដេត ភេទស្រី អាយុ៣៨ ឆ្នាំដែលត្រូវជាប្រពន្ធជនរងគ្រោះបំភ្លឺថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៦ និង៣០នាទី ប្ដីខ្លួនបានត្រឡប់មកពីធ្វើការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងមករកខ្លួន តែខ្លួនមិនបាននិយាយជាមួយគាត់ទេ ដោយពួកគាត់បានឈ្លោះគ្នាជាយូរមកហើយ ខ្លួនបានសុំគាត់លែងលះតែគាត់មិនព្រម ហើយប្តីចេះតែអង្វសុំត្រូវគ្នាវិញតែខ្លួនមិនព្រម ដោយ ការបែកគ្នាជាប្តីប្រពន្ធជាងមួយឆ្នាំមកហើយ។
លុះដល់ម៉ោងប្រហែល៨ ថ្ងៃខាងលើ ប្តីបានទៅនិយាយជាមួយម្ដាយខ្លួនថា គាត់មិនចង់រស់ទេ”ម៉ែបើប្រពន្ធខ្ញុំមិនត្រូវគ្នា ជាមួយខ្ញុំវិញនោះ ខ្ញុំនឹងសម្លាប់ខ្លួន”។ និយាយហើយគាត់ក៏ដើរទៅជក់បារីនៅឯកញ្ចុះមួយ, មួយសន្ទុះគាត់ក៏ជិះម៉ូតូចេញទៅបាត់។ លុះដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១ ជាងបងស្រីខ្លួនឈ្មោះ ឆឹម ចាន់ឌី ភេទស្រី បានទៅប្រាប់ខ្លួនថា ប្ដីហ្អែងស្លាប់ហើយគេឃើញស្លាប់នៅឯដីចម្ការ ក្បែរនិងម៉ូតូមួយគ្រឿង។ ស្ត្រីជាប្រពន្ធបានបន្តថាកន្លងមកប្ដីរបស់ខ្លួនមានជំងឺគាំងបេះដូង គាត់លេបថ្នាំជាប្រចាំថ្ងៃ ហើយគាត់ធ្លាប់ប្រើប្រាស់សារធាតុញៀនទៀតផង។
ដូច្នេះតាមការបញ្ជាក់ពីសាក្សីស្ត្រីជាប្រពន្ធជនរងគ្រោះ និងយោងទៅលើការពិនិត្យនិងធ្វើកោសលវិច្ច័យ លើសាកសពជាក់ស្តែងសមត្តកិច្ចបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ អាចស្លាប់ដោយ ខ្យល់ គ មិនជាប់ពាក់ព័ន្ធបទល្មើសណាមួយនោះទេ។ សមត្តកិច្ចបានប្រគល់សពជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕