ភ្នំពេញ៖ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ការដោះដូរទំនិញកម្ពុជា-វៀតណាមសម្រេចបានទំហំទឹកប្រាក់ជាង ៥,៥៨ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៨ ខែ (មករា-សីហា) ឆ្នាំ ២០២៥ មានការកើនឡើង ៦,៨% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤ ដែលមានទំហំ ៥,២ ពាន់លានដុល្លារ។
ទិន្នន័យរបស់ GDCE បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមជាង ៥,៥៨ ពាន់លានដុល្លារ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ កម្ពុជានាំទំនិញចេញទៅវៀតណាមមានទំហំទឹកប្រាក់ ២,៧៤ ពាន់លានដុល្លារ កើនឡើង ១១,៥% ចំណែកឯវៀតណាមនាំចូលមកវិញមានតម្លៃ ២,៨៤ ពាន់លានដុល្លារ កើនឡើង ២,៦%។
សូមជម្រាបជូនថា ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅវៀតណាម រួមមាន ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែកវៀតណាមនាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។
បើតាមអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានឱ្យដឹងដែរថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម បានកើនឡើងដោយសារតែការផ្លាស់ប្ដូរនៃនិន្នាការសេដ្ឋកិច្ច ដែលជាលទ្ធផលនៃភាពតានតឹងនៃភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន។
ជាមួយគ្នានេះ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន យល់ឃើញថា៖ «សេដ្ឋកិច្ចរបស់វៀតណាមមានកំណើន បានជំរុញឱ្យមានតម្រូវការខ្ពស់ជាងមុន អញ្ចឹងតម្លៃកសិកផលរបស់យើងមានភាពប្រកួតប្រជែង អញ្ចឹងពេលខ្លះវៀតណាមគាត់ទិញពីយើងជាជាងគាត់ដាំដុះខ្លួនឯង»។
ដោយឡែកលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានភាពល្អប្រសើរ ប្រទាក់ក្រឡា និងស៊ីជម្រៅ។
លោកបញ្ជាក់ថា កម្ពុជា និងវៀតណាម អាចនាំចេញផលិតផលមួយចំនួន លើសពីការផ្តល់ឱ្យគ្នាទៅវិញទៅមក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន តាមរយៈកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ដែលត្រូវបានចុះហត្ថលេខាផ្លូវការជាទៀងទាត់ក្នុងរយៈពេល២ឆ្នាំម្តង។
នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ ៧,៧៨ ពាន់លានដុល្លារ កើនឡើង ១៨,២% បើធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣,៦១ ពាន់លានដុល្លារ កើន ២១,៦% និងវៀតណាមនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៤,១៦ ពាន់លានដុល្លារ កើន ១៥,៤%៕