ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកងរាជអាវុធហត្ថចាប់ភ្លាមៗ ក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះធ្វើអោយរបួសដៃ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចបណ្តោយផ្លូវលេខ ៨៥បេតេ ក្នុងភូមិត្នោតជ្រំ១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចាន់ សុមានិត ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៨ តាមផ្លូវ៨៩បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានមកផឹកសុីជាមួយគាត់នៅក្បែរផ្ទះរបស់ជនបង្កហេតុតាំងពីយប់រហូតដល់មេឃភ្លឺ និងបានឈ្លោះប្រកែកគ្នាជាមួយអ្នកផ្ទះរបស់ជនសង្ស័យផងដែរ ។ លុះមកដល់ព្រឹកឡើងម៉ោងកើតហេតុ ជនរងគ្រោះរួមនឹងមិត្តភក្តិចំនួន២នាក់ទៀត កំពុងតែអង្គុយផឹកនៅមុខផ្ទះ មិនដឹងជាជនសង្ស័យមានបញ្ហាអ្វីនោះទេបានរត់ចេញពីក្នុងផ្ទះ រួចរកហក់វ៉ៃជនរងគ្រោះ ទើបធ្វើអោយជនរងគ្រោះយកកៅអីបម្រុងវាយត្រឡប់ទៅវិញ ។ ភ្លាមៗនោះ ជនសង្ស័យបានរត់ទៅយកដាវដែលទុកខាងក្នុងផ្ទះមកកាប់ជនរងគ្រោះបណ្តាលអោយត្រូវរបួសកដៃ ហើយបានរត់ចូលក្នុងផ្ទះបាត់ ។ បន្ទាប់ពីរបួសភ្លាមៗ ជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ក្រោយកើតហេតុ កងរាជអាវុធហត្ថខណ្ឌមានជ័យ បានចុះមកដល់ទីតាំងផ្ទះជនសង្ស័យធ្វើការឡោមព័ទ្ធនិងចាប់ខ្លួននាំទៅសាកសួរ ដើម្បីបន្តនីតិវីធីច្បាប់ ៕